(ព្រះសីហនុ)៖ ឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភគ្រែអ្នកជំងឺចំនួន ៥០គ្រែ និងថវិកា ១២,៣៤០ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីបំពេញតម្រូវការរបស់អ្នកជំងឺក្នុងមន្ទីរពេទ្យ ដែលកំពុងមានច្រើននាពេលបច្ចុប្បន្ននេះ។

ឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា ការផ្តល់គ្រែ និងថវិកាដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីដោះស្រាយការខ្វះខាតគ្រែសម្រាប់អ្នកជំងឺ រួមទាំងអ្នករងរបួសដោយសារការបាក់រលំអគារផងដែរ។

យោងតាមប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឱ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ពេលបច្ចុប្បន្នមានកំណើនអ្នកជំងឺកាន់តែច្រើន ព្រោះថាខេត្តជាប់ឆ្នេរមួយនេះកំពុងមានប្រជាពលរដ្ឋចំណាកស្រុកមកពីខេត្តផ្សេងៗកាន់តែច្រើន។

លោកប្រធានមន្ទីរពេទ្យអះអាងថា តាមរយៈការជួយឧបត្ថម្ភរបស់ឧកញ៉ា ទៀ វិចិត្រ បានរួមចំណែកដោះស្រាយការខ្វះខាតរបស់មន្ទីរពេទ្យផងដែរ។

សូមបញ្ជាក់ថា ហេតុការណ៍បាក់រលំអាគារកំពស់៧ជាន់ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានសប្បុរសជន និងក្រុមហ៊ុនឯកជនជាច្រើន បានចូលរួមបរិច្ចាគថវិកា, សម្ភារៈ និងកម្លាំងកាយចិត្ត តាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីជួយជនរងគ្រោះ៕