(ត្បូងឃ្មុំ)៖ សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ យកអំណោយទៅចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៨គ្រួសារ ក្នុងស្រុកមេមត់ បន្ទាប់ពីភ្លៀងធ្លាក់លាយលំខ្យល់កន្ត្រាក់បោកបក់ ដែលបង្កឲ្យរងផលប៉ះពាល់ដោយរលំផ្ទះ និងរហែកតំបូលផ្ទះ និងប្រជាពលរដ្ឋ៣៩៩គ្រួសារ ទទួលរងផលប៉ះពាល់ខូចខាតខ្ទេចខ្ទីផងដែរ។
ឆ្លើយតបនូវតំរូវការរបស់ពលរដ្ឋស្ថិតភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោកស្រី ឡេង សុខា ប្រធានស្តីទីសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ រួមទាំងសមាជិកកាកបាទក្រហមខេត្ត បននាំយកថវិការ និងស្បៀងអាហារសង្គ្រោះបន្ទាន់ផ្តល់ ទៅចែកជូនប្រជាពលរដ្ឋ ទាំង២៨គ្រួសារ ដែលរងគ្រោះមហន្តរាយដោយធម្មជាតិ ក្នុងស្រុកមេមត់ ដែលជាការឆ្លើយតបទៅនឹងការងារមនុស្សធម៌ ក៏ដូចជាស្របតាមពាក្យស្លោករបស់កាកបាទក្រហមកម្ពុជា «ទីណាមានទុក្ខ ទីនោះមានកាកបាទក្រហមកម្ពុជា សម្រាប់គ្រប់ៗគ្នាស្មើៗគ្នា គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនរើសអើងនោះឡើយ»។
ក្នុងឱកាសនោះ លោកស្រី ឡេង សុខា បានសំណេះសំណាល និងសម្តែងនូវការសោកស្តាយ ក៏ដូចជាពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូន ដែលរងគ្រោះទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត។
លោកស្រី ឡេង សុខា បានថ្លែងយ៉ាងដូច្នេះថា «អំណោយចែកជូនបងប្អូនពេលនេះ គឺដើម្បីជួយសម្រួលនូវតំរូវការចាំបាច់របស់បងប្អូន ជាមួយគ្នានោះ ក៏បានផ្តាំផ្ញើរ ដល់បងប្អូនពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ខ្ពស់បំផុតចំពោះ ការបម្រែបម្រួលអាកាសធាតុ ថែរក្សាសុខភាពខ្លួន មើលថែកូនៗតូចៗឲ្យបានល្អ ពិសេសខិតខំប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀត ដើម្បីបង្កើនលទ្ធភាពសាងសង់ផ្ទះសម្បែងឡើងវិញផងដែរ»។
លោក រស់ សុខន នាយកសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ឲ្យដឹងថា ចំពោះអំណោយដែលចែកជូន នាពេលនោះទាំង ២៨គ្រួសារ ក្នុង១គ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកសុទ្ធ១កេស, តង់១ និងថវិការ១០ម៉ឺនរៀល សម្រាប់ផ្ទះរងការខូចខាតតិចតួចដោយខ្យល់កន្ត្រាក់ និងថវិការ២០ម៉ឺនរៀលសម្រាប់គ្រួសារដែលដួលរលំផងដែរ៕