(ព្រះសីហនុ)៖ ករណីឧបទ្ទវហេតុបាក់រលំអគារកំពស់៧ជាន់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបណ្តាលឲ្យមានមនុស្សសរុបចំនួន៥៤នាក់រងគ្រោះ ក្នុងនោះស្លាប់ចំនួន ២៨នាក់ (ស្រី០៤នាក់) និងរងរបួសចំនួន២៦នាក់ (ស្រី០២នាក់)។
ជាការកត់សំគាល់ឃើញថា ភោជនីយដ្ឋានរបស់ជនជាតិជប៉ុនម្នាក់ ក៏ត្រូវបានខូចខាតទាំងស្រុង ដោយត្រូវអគារបាក់រលំលើផងដែរ។ ហាងជនជាតិជប៉ុនមួយរូប ដែលមានរបងក្បែរកន្លែងកើតហេតុ បានខូចខាតទាំងស្រុង ។តាមពិតគាត់នៅសំរាកក្នុងហាងទាំងអស់គ្នាកំឡុងពេលរលំបាក់អគារនោះ គ្រាន់តែគាត់មិនមានគ្រោះថ្នាក់ដល់ជីវិត ពោលគ្រាន់តែរបួសតិចតួច ហើយមានប្រហោងអាចវារចេញមកក្រៅបាន។
ជនជាតិជប៉ុនរូបនោះមានឈ្មោះ Tomotaka Arai មានភរិយា និងកូនប្រុសម្នាក់ ជាម្ចាស់ភោជនីយដ្ឋាន Kukai និងឈ្មោះ ក្រូច សុធា មាន ភរិយា និងកូនម្នាក់ ជាបុគ្គលិកហាង ក៏មិនមានគ្រោះថ្នាក់អ្វីឡើយ ពោលគឺបានរួចផុតជីវិត បន្ទាប់ពីអគារដែលមានរបងជាប់គ្នាបានបាក់រលំសង្កត់មកលើភោជនីយដ្ឋាន។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់មកកាន់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះថា ក្នុងហេតុការណ៍នេះជនជាតិជប៉ុន ដែលមានហាងនៅជាប់កន្លែងកើតហេតុ មានចំនួន៣នាក់ បានរត់ចេញទាន់ពេល មិនមានគ្រោះថ្នាក់នោះទេ ប៉ុន្ដែហាង និងសម្ភារត្រូវបានបំផ្លាញស្ទើរទាំងស្រុង។
សម្រាប់ហេតុការណ៍នោះ គេមិនទាន់ដឹងថាតើម្ចាស់ហាងដែលជាជនជាតិជប៉ុនរូបនេះ នឹងទទួលបានសំណងអ្វីនោះឡើយ ដោយសារការខូចខាតក៏មានច្រើនផងដែរ៕