(ភ្នំពេញ)៖ ឆ្លើយតបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យសប្បុរសជននាំគ្នាជួយឧបត្ថម្ភដល់ជនរងគ្រោះដែលស្លាប់ និងរបួសក្នុងករណីបាក់រលំអគារកំពស់៧ជាន់ នៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នោះ, លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអ្នករកស៊ី ក្នុងវិស័យដីធ្លីដ៏ជោគជ័យម្នាក់ និងជាម្ចាស់បុរី «ឡេងណាវ៉ាត្រា» បានសម្រេចឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ ជូនដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារ។
លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា «ដោយមានការសោកសង្រេងខ្លាំង ចំពោះអ្នកស្លាប់ និងរបួសជាច្រើននាក់ ក្នុងការបាក់រលំអគារនៅទីក្រុងព្រះសីហនុ ឆ្លើយតបតាមការអំពាវនាវរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមបានចូលរួមថវិកាចំនួន១ម៉ឺនដុល្លារ ដើម្បីសម្រាលទុក្ខលំបាកដ៏ក្រៀមក្រំ របស់គ្រួសារសព ដែលបានទទួលមរណភាព ដោយអនោចអធម៌បំផុត ព្រមទាំងអ្នករបួសយ៉ាងច្រើនផងដែរ»។
សូមជម្រាបថា ឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ជាស្ថាពរនៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេលជិត៣ថ្ងៃ។
តុល្យការជនរងគ្រោះដែលក្រុមការងារ បានជួយសង្រ្គោះយកចេញពីគំនរអគារបាក់បែក មានចំនួនសរុបចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ (ស្រី០៤នាក់) និងរងរបួសចំនួន២៦នាក់ (ស្រី០២នាក់)៕