(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា រយៈពេលពេល៥ខែ ឆ្នាំ២០១៩ កម្ពុជានាំចេញផលនេសាទស្រស់ និងផលនេសាទកែច្នៃ ដែលសរុបបានជិត៦ពាន់តោន។
របាយការណ៍ដដែលបានបន្តទៀតថា សម្រាប់ខែឧសភា ឆ្នាំ២០១៩ សំណុំរឿងបទល្មើសជលផលមានចំនួន២៣១ករណី ក្នុងនោះបទល្មើសទឹកសាបមានចំនួន ២០៥ករណី និងសមុទ្រមានចំនួន ២៦ករណី។
សូមបញ្ជាក់ផងដែរថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងពីរដូវបិទនេសាទ ឆ្នាំ២០១៩ ដែលក្នុងនោះមាន៖
* ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុម្មុខ ដែលរួមមានខេត្តទាំងអស់ជំរុញបិទន្លេសាប និងបណ្តាខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ និងរាជធានីភ្នំពេញ និងខេត្តកណ្តាលផ្នែកខាងជើងចតុម្មុខ។
* ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ ថ្ងៃទី៣១ ខែតុលា ចំពោះដែននេសាទទឹកសាប ដែលស្ថិតនៅខាងត្បូង ខ្សែស្របទន្លេចតុម្មុខ ដែលមាន រាជធានីភ្នំពេញ ផ្នែកខាងត្បូងចតុម្មុខ ខេត្តកណ្តាល ព្រៃវែង តាកែវ កំពង់ស្ពឺ និងស្វាយរៀង៕