(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដើមី្បពិនិត្យពិភាក្សា ទៅលើរបាយការណ៍លទ្ធផលការងារ របស់រដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្តអាណត្តិទី២ ដែលនៅសេសសល់រយៈពេល៣ខែ ដែលអនុម័តដោយក្រុមប្រឹក្សាខេត្ត។
កិច្ចប្រជុំនេះ ដឹកនាំប្រជុំដោយលោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប។ កិច្ចប្រជុំនេះ ក៏ធ្វើការផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៥ សណន របស់ក្រសួងមហាផ្ទៃ ស្តីពី ការរៀបចំបទបញ្ជាផ្ទៃក្នុង និងគំរូបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សា និងពិនិត្យពិភាក្សា រៀបចំសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំ របស់ក្រុមប្រឹក្សាខេត្ត រយៈពេល១២ខែ និងកិច្ចការផ្សេងៗ។
ក្នុងកិច្ចប្រជុំ សមាជិកអង្គប្រជុំទាំងមូល បានធ្វើការពិភាក្សាពិនិត្យ និងអនុម័តទៅលើរបៀបរវារៈ កិច្ចប្រជុំព្រមទាំងបានអនុញ្ញាត ឲ្យធ្វើការពិនិត្យរបាយការណ៍ ស្តីពីលទ្ធផល និងសកម្មភាពការងារអនុវត្តបាន របស់រដ្ឋបាលខេត្តសៀមរាប ដែលអនុម័តដោយក្រុមប្រឹក្សាខេត្ត និងនៅសេសសល់រយៈពេល៣ខែ ឆ្នាំ២០១៩។
លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ត បានអាននូវរបាយការណ៍លទ្ធផលការងារ និងទិសដៅ ដែលត្រូវអនុវត្តបន្តរបស់រដ្ឋបាលខេត្តសៀមរាប ដែលនៅសេសសល់ ក្នុងអាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត និងការអាននូវសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុង និង គំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា ។
លោក ទៀ សីហា ក៏បានបញ្ជាក់ជូនដល់កិច្ចប្រជុំនេះ ឲ្យបានជ្រាបច្បាស់ អំពីឋានានុក្រម ពីតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្នុងនិតិបញ្ញាត និងនិតិប្រតិបត្តិ។
លោកបានលើកឡើង ផ្តោតទៅលើការងារធនធានរ៉ែ និង សំណង់ គឺមន្ទីរជំនាញត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាសំណង់ នៅក្នុងក្រុង/ស្រុក ទាំងចាស់ ទាំងថ្មី អំពីបទដ្ឋានបច្ចេកទេសសំណង់ ក្នុងពេលសាងសង់ បានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ព្រមទាំងមានច្បាប់អនុញ្ញាតឲ្យសាងសង់ហើយឬនៅ។
លោកថា តែបើរាល់សំណង់ទាំងឡាយណាគ្មានច្បាប់ត្រឹមត្រូវ ឬខុស ទៅនឹងបទដ្ឋានបច្ចេកទេសសាងសង់ គឺត្រូវបញ្ឈប់ ជាបន្ទាន់ ឬ ធ្វើការរុះរើ ដើមី្បធានាដល់សន្តិសុខ សុវត្ថិភាពជាសាធារណៈត្រូវជៀសវាង កុំឲ្យមានកើតឡើង ដូចនៅខេត្តព្រះសីហនុ ។
អភិបាលខេត្តសៀមរាប បានបន្ថែមទៀតថា ចំពោះបញ្ហាការដឹកជញ្ជូនធនធានរ៉ែ និងជីកកកាយអាចម៌ដីនោះ មន្ទីរជំនាញត្រូវធ្វើការពិនិត្យ ជាបន្ទាន់ឲ្យឆាប់រហ័ស នៅតាមការដ្ឋាន អំពីច្បាប់អនុញ្ញាត និងការជីកនោះត្រឹមត្រូវ ទៅតាមការណែនាំ របស់មន្ទីរជំនាញ ឬយ៉ាងណា តែបើការដ្ឋានណាគ្មានច្បាប់ ត្រូវធ្វើការផ្អាក់ ឬបិទតែម្តង មិនឲ្យធ្វើអាជីវកម្មឡើយ ។
ម៉្យាងទៀត ចំពោះការដឹកជញ្ជូនធនធានរ៉ែ (ដី, ខ្សាច់, ថ្ម, ឥដ្ឋ) នាពេលកន្លងមកបានធ្វើឲ្យប៉ះពាល់ ដល់បរិស្ថានក្នុងក្រុង/ស្រុក ដែលជាតំបន់គោលដៅភ្ញៀវទេសចរណ៍ ចូលមកទស្សនាកម្សាន្ត។ នេះជាការបញ្ជាក់បន្ថែម របស់លោក ទៀ សីហា។
លោកអភិបាល ក៏បានសង្កត់ធ្ងន់ថា «ទាំងកម្លាំងសមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធ គឺត្រូវរួមសហការគ្នាអនុវត្តឲ្យខាងតែបាន ចំពោះបញ្ហារថយន្តដឹកជញ្ជូនដី ដែលធ្វើឲ្យធ្លាក់នៅតាមដងផ្លូវក្នុងក្រុងបន្តទៀត»។
លោក អ៉ឹង ហឿន ក៏បានលើកនូវសំណូមពរ ដល់សមាជិកក្រុមប្រឹក្សាខេត្ត ដែលមិនទាន់បានធ្វើការប្រកាសទ្រព្យសម្បត្តិ ត្រូវប្រញាប់ធ្វើជាបន្ទាន់ ព្រមទាំងក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត ត្រូវធ្វើការ ផ្តល់នូវរបាយការណ៍សកម្មភាពលទ្ធផល ដែលសាមីមន្ទីរស្ថាប័ន អង្គភាពអនុវត្តបានប្រចាំខែនីមួយៗ ទៅតាមការកំណត់របស់រដ្ឋបាលសាលាខេត្ត និង ត្រូវមានវត្តមានចូលរួមប្រជុំក្រុមប្រឹក្សាខេត្ត ឲ្យបានគ្រប់មន្ទីរ ស្ថាប័ន អង្គភាពផងដែរ ។
លោកថា ម៉្យាងទៀត រាល់កិច្ចការសេសសល់ទាំងប៉ុន្មាន គណៈអភិបាលខេត្ត ត្រូវយកនូវរាល់ការងារ ដែលលើកឡើងក្នុងកិច្ចប្រជុំនេះ ទៅធ្វើការអនុវត្តប្រតិបត្តិការងារ ឲ្យទទួលបានលទ្ធផល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងធ្វើឲ្យជីវភាព របស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើង ក្នុងការចូលរួមអភិវឌ្ឍន៍ នៅតាមមូលដ្ឋានឃុំ-សង្កាត់ ឲ្យមានការរីកចម្រើនទៅថ្ងៃអនាគត៕