(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្តេជ្ញាធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅ ពិសេសលើការសម្រួលលក្ខខណ្ឌផ្សេងៗ នៃការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ និងការបញ្ចូលប្រព័ន្ធបច្ចេកវិទ្យា ដើម្បីសម្រួលមធ្យោបាយ និងពន្លឿនការទទួលយកសេវាកម្មរបស់ប្រតិបត្តិករទេសចរណ៍ ហើយក៏អំពាវនាវឱ្យប្រតិបត្តិករទេសចរណ៍ និងគ្រប់អាជីកម្មទេសចរណ៍ទាំងអស់ ត្រូវធ្វើទំនើបកម្មដោយស្នើសុំអាជ្ញាបណ្ណតាមអនឡាញ។
ដើម្បីបញ្ជ្រាបពីកំណែទម្រង់នេះ ដល់មន្ត្រីរាជការនៅថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ និងប្រតិបត្តិករទេសចរណ៍ទូទាំងប្រទេស ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី កំណែទម្រង់ថ្មីៗនៃការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ ក្រោមអធិបតីភាពលោក សុង តុងហាប់ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ។
នាឱកាសនោះ លោក សុង តុងហាប់ បានឱ្យដឹងថា ក្រសួងទេសចរណ៍បានដាក់ចេញយន្តការជាច្រើន ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាកម្មសាធារណៈរបស់ក្រសួងទេសចរណ៍ រួមមាន៖
១៖ ការដាក់ឲ្យអនុវត្តនីតិវិធីនៃការស្នើសុំ អាជ្ញាបណ្ណទេសចរណ៍ តាមប្រព័ន្ធអនទ្បាញតាមរយៈគេហទំព័រ www.cambodiatourismindustry.org ដោយភ្ជាប់ការដាក់ប្រព័ន្ធ QR Code នៅលើអាជ្ញាបណ្ណទេសចរ។ ប្រព័ន្ធ QR Code នេះ ត្រូវបានប្រើប្រាស់ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃអាជ្ញាបណ្ណទេសចរណ៍ តាមរយៈការផ្ទុកទិន្នន័យលើប្រព័ន្ធអនទ្បាញ និងប្រើប្រាស់កម្មវិធីស្កេន ដើម្បីទាញយកទិន្នន័យពីអាជ្ញាបណ្ណទេសចរណ៍ ហើយដំណាក់កាលបន្ទាប់ ប្រតិបត្តិករទេសចរណ៍អាចឈាន ដល់ការព្រីនអាជ្ញាបណ្ណតាមប្រព័ន្ធអនទ្បាញ នៅពេលចូលរួមប្រើប្រាស់ប្រព័ន្ធនេះឲ្យបានច្រើន។
២៖ ក្រសួងទេសចរណ៍បានដាក់ឲ្យដំណើរការ ច្រកចេញចូលតែមួយ ដើម្បីសម្រួលដល់ការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ និងតម្លាភាពនៃការបង់សេវាសាធារណៈ របស់ក្រសួងទេសចរណ៍។ ប្រតិបត្តិករទេសចរណ៍ អាចដាក់ពាក្យស្នើសុំ និងបង់កម្រៃសេវាសាធារណៈ ដោយងាយស្រួល និងមិនបារម្ភពីការបង់កម្រៃសេវាសាធារណៈលើសពីការកំណត់។
៣៖ ការកែសម្រួលលក្ខខណ្ឌផ្សេងៗ នៃការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ ឲ្យស្របតាមស្ថានភាពបច្ចុប្បន្ន និងកាត់បន្ថយឯកសារតម្រូវ សម្រួលដល់ការស្នើសុំអាជ្ញាបណ្ណទេសចរណ៍បានលឿន។
ត្រង់ចំណុចនេះ ក្រសួងទេសចរណ៍ គ្រោងនឹងរៀបចំកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រួលឯកសារភ្ជាប់ ក្នុងការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ ដែលកន្លងមកអាជីវកម្មសេវាកម្មទេសចរណ៍តែងតែយល់ច្រឡំថា ការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ មានរយៈពេលយូរ និងស្មុគស្មាញ ប៉ុន្តែតាមប្រកាសរួមរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនឹងក្រសួងទេសចរណ៍ ស្តីពីការផ្តល់សេវាសាធារណៈ ក្រសួងទេសចរណ៍ នឹងចេញអាជ្ញាបណ្ណទេសចរណ៍ ជូនក្នុងរយៈពេល២៨ថ្ងៃ (ថ្ងៃធ្វើការ)។ ក្នុងករណីដែលអាជីវកម្មបានបំពេញឯកសារភ្ជាប់គ្រប់គ្រាន់ ដែលនេះជាហេតុផលដែលធ្វើឲ្យការផ្តល់អាជ្ញាបណ្ណទេសចរណ៍ មានការភាន់ច្រឡំ។
ដើម្បីពន្លឿនកិច្ចការកំណែទម្រង់ហិរញ្ញវត្ថុ របស់ក្រសួងទេសចរណ៍ឲ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់ លោក សុង តុងហាប់ បានដាក់ចេញនូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖
១៖ ស្នើអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ពង្រឹងយន្តការចុះជំរុញម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ ឲ្យងាកមកប្រើប្រាស់ប្រព័ន្ធស្នើសុំអាជ្ញាបណ្ណតាមប្រព័ន្ធអនទ្បាញ តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាល ឬការចុះដល់ទីតាំងអាជីវកម្មផ្ទាល់។
២៖ ស្នើសុំម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ ចូលរួមជាមួយកំណែទម្រង់របស់ក្រសួងទេសចរណ៍ ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់សេវាសាធារណៈ។
៣៖ ស្នើមន្ទីរទេសចរណ៍រាជធានី-ខេត្ត ចូលរួមឲ្យបានសកម្មលើការងារកំណែទម្រង់របស់ក្រសួងទេសចរណ៍ ពិសេសលើការងារស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធអនទ្បាញ។
៤៖ ស្នើអគ្គនាយកដ្ឋានឧស្សាកម្មទេសចរណ៍ រៀបចំកិច្ចប្រជុំពិភាក្សាជាមួយម្ចាស់អាជីវកម្មទេសចរណ៍ ដើម្បីសម្រួលលក្ខខណ្ឌក្នុងការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ ដោយឈរលើគោលការណ៍ក្នុងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបង្កភាពងាយស្រួលដល់ប្រតិបត្តិករទេសចរណ៍។
សូមជម្រាបថា ចំពោះស្ថិតិអាជីវកម្មទេសចរណ៍គិតត្រឹមឆ្នាំ២០១៩ អាជីវកម្មសណ្ឋាគារមានចំនួន ៨២១ (៤៧,៧៨៣បន្ទប់) ផ្ទះភ្ញៀវមានចំនួន ២,២៧០ (៣៤,១០៥បន្ទប់) ភោជនីយដ្ឋានមានចំនួន ២,៣១៦ (១៣៨,៣៩២កៅអី) ម៉ាស្សាមានចំនួន ៣៤២ (២,៩៤២គ្រែ) ទីភ្នាក់ងារទេសចរណ៍មានចំនួន ៧៣៥ (ស្នាក់ការ ៦៥២ និងសាខា ៨៣) មគ្គុទ្ទេសក៍ទេសចរណ៍មានចំនួន ៦,២១១នាក់ (ថ្នាក់តំបន់ ៦,០៥០នាក់ និងថ្នាក់ជាតិ ១៦១នាក់) ដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោកមានចំនួន ៣៣ (១៧៤គ្រឿង) ផ្លូវទឹកមានចំនួន ២៥ (៣៦គ្រឿង)។
ក្រសួងទេសចរណ៍ បានអនុវត្តកម្មវិធីកំណែទម្រង់ការស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធអនទ្បាញ ដោយបានដាក់ឲ្យអនុវត្តតាំងពីដើមឆ្នាំ២០១៦។ គិតត្រឹមឆ្នាំ២០១៨ ស្ថិតិអាជីវកម្មដែលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណតាមប្រព័ន្ធអនទ្បាញ សរុបមានចំនួន ១៧៧ អាជ្ញាបណ្ណទេសចរណ៍។ ប៉ុន្តែគិតត្រឹម៥ខែ ឆ្នាំ២០១៩នេះ ក្រសួងទេសចរណ៍សង្កេតឃើញថាប្រតិបត្តិករបានដាក់ពាក្យស្នើសុំចំនួន ៩០អាជីវកម្ម មានការកើនទ្បើងប្រមាណ ៤ដង បើប្រៀបធៀបនឹងពេលវេលាដូចគ្នាឆ្នាំ២០១៨៕