(ភ្នំពេញ)៖ ប្រធានក្រុមហ៊ុនទេសចរណ៍ «Inside out Tour Travel» ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទឆបោកនាំភ្ញៀវធ្វើទេសចរណ៍ក្រៅប្រទេស ដោយមិនបានតាមកញ្ចប់ Tour ព្រោះអស់លុយចំណាយ។ ការឃាត់ខ្លួននេះកើតឡើងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជួលលេខ៣៩សេ ផ្លូវ៤៥៤ ក្រុម២៤ ភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។
សមត្ថកិច្ចបានឲ្យដឹងថា មានភ្ញៀវទេសចរខ្មែរមួយក្រុមមានគ្នាប្រុសស្រី ចំនួន ៧១នាក់ បាននាំខ្លួនឈ្មោះ ហឹស ថុល ភេទស្រី អាយុ៣៣ឆ្នាំ មានមុខរបរជាប្រធានក្រុមហ៊ុន ទេសចរណ៍ Inside out Tour Travel ដែលមានទីតាំងផ្ទះជួល លេខ៣៩សេ ផ្លូវ៤៥៤ ក្រុម២៤ ភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ ទួលទំពូងទី១ ចាត់ការតាផ្លូវច្បាប់ពីបទឆបោករំលោភទំនុកចិត្តទឹកប្រាក់ចំនួនជិត១០ម៉ឺនដុល្លារ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១៖៣០នាទីរំលងអាធា្រត្រឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្រ្តីជាប្រធានក្រុមហ៊ុនទេសចរណ៍បានឆបោកលុយពីប្រជាពលរដ្ឋ ដែលបានបង់លុយដើម្បីទៅដើរលេងជាក្រុមនៅប្រទេសចិនរយៈពេល៦យប់ ៧ថ្ងៃ តែពេលទៅដល់ក្រុងហុងកុង ប្រទសសចិន ស្រាប់តែប្រធានក្រុមហ៊ុននាំភ្ញៀវទេសចរណ៍ទាំងអស់ មិនមានលុយសម្រាប់ស៊ីចាយ និងការស្នាក់នៅ។
ក្រោយមកភ្ញៀវទេសចរទាំងអស់ ដឹងសភាពមិនស្រួល ក៏បានដកហូតលិខិតឆ្លងដែនពីស្រ្តីជាប្រធានក្រុមហ៊ុនជាបណ្ដោះអាសន្ន ហើយនាំគ្នាជិះយន្តហោះមកប្រទេសកម្ពុជាវិញ និងបានទារលុយប្រធានក្រុមហ៊ុន តែគ្មានលុយសង ក៏នាំខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដង។
សមត្ថកិច្ចបន្តថា ក្នុងរយៈពេល ២ថ្ងៃមកនេះ ខ្លួនបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋសុំប្ដឹងប្រធានក្រុមហ៊ុន Inside out Tour Travel ចំនួន ៣ក្រុម ស្មើចំនួនមនុស្ស ១០២នាក់ ហើយប្រជាពលរដ្ឋមិនទាន់មកអស់នោះទេ។
ក្រោយសួរនាំ ស្រ្តីជាប្រធានក្រុមហ៊ុនបានឆ្លើយសារភាពថា ខ្លួនពិតជាបាននាំភ្ញៀវទៅដើរលេងមែន តែមិនទាន់ចប់ក៏អស់លុយចំណាយតែម្ដង ព្រោះការចំណាយលើសកញ្ចប់ថវិកា Tour គឺមិនបានយកលុយចាយវាយ ឬលេងល្បែងអស់ទេ។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕