(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្ត ដល់គ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់នៅស្រុករមាសហែក ខេត្តស្វាយរៀង នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ។

ពិធីនេះ ក៏មានការចូលរួមពីលោក សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, លោក ស៊ូ ម៉ុល អភិបាលស្តីទីស្រុករមាសហែក, លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងកងកម្លាំងទាំង៣ លោក-លោកស្រី មេភូមិ មេឃុំ ក្រុមប្រឹក្សាស្រុក ឃុំជាច្រើនរូបទៀត។

អំណោយដែលត្រូវចែកជូននោះ មានចំនួន២កន្លែងគឺ រួមមាន៖ ទី១៖ នាវត្តស្វាយទន្ទឹម មាននៅឃុំត្រពាំងស្តៅ និងឃុំអង្គប្រស្រែ សរុប៧៩៤គ្រួសារ និងទី២៖ នាវត្តអណ្តូងពោធិ៍ មាននៅឃុំអណ្តូងពោធិ៍ និងឃុំដូង សរុប៤៩៧គ្រួសារ។ ក្នុងនោះ គ្រួសាររងគ្រោះធ្ងន់ធ្ងរមាន៤៨គ្រួសារ មធ្យម៧៨៥គ្រួសារ និងស្រាល៤៥៨គ្រួសារ ។

លោកអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្ដេច លោកតែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានា របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ លោកក៏បានថ្លែងនូវការសោកស្តាយ ចំពោះការខូចទ្រព្យសម្បត្តិ ក៏ដូចជាផ្ទះរបស់បងប្អូន ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ជាដើម ។

លោកក៏បានផ្ដាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្ក ឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗ កុំឲ្យលេងទឹកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព ត្រូវបង្ការកាពារ ការឆ្លងជំងឺគ្រុនឈាម ដែលកើតចេញពីមូសខ្លាខាំ ត្រូវគេងក្នុងមុង ជាពិសេសក្មេងតូចៗ និងជួយអប់រំណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ក្នុងនោះត្រូវនាំគ្នាដាំដើមឈើ ឲ្យបានច្រើននៅវិញផ្ទះ ដើម្បីការពារខ្យល់ និងបាតុភូតធម្មជាតិ ដែលកើតឡើងជាយថាហេតុផ្សេងៗផងដែរ។

សូមបញ្ជាក់ថា អំណោយដែលបានចែកជូនរួមមាន៖ គ្រួសាររងគ្រោះធ្ងន់ធ្ងរក្នុង ១គ្រួសារ ទទួលបានអង្ករ៣០គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ១០កំប៉ុង កន្ទេលបត់១ ក្រណាត់កៅស៊ូតង់១ ឃីត១ កញ្ចប់ (មុង ភួយ សារុង ក្រមា) និងថវិកា ២០០,០០០រៀល។

គ្រួសាររងគ្រោះមធ្យមក្នុង១គ្រួសារ ទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ៦ដប ត្រីខ១០កំប៉ុង កន្ទេលបត់១ ឃីត១ កញ្ចប់ (មុង ភួយ សារុង ក្រមា) និងថវិកា ៥០,០០០រៀល។ គ្រួសាររងគ្រោះតិចតួច មានក្នុង១គ្រួសារ ទទួលបានថវិកា៥០,០០០រៀល។ ក្នុងនោះ លោក សៅ សុខា ប្រធានក្រុមការងារ ចុះជួយស្រុករមាសហែក បានឧបត្ថម្ភបន្ថែមនូវថវិកា ក្នុង១គ្រួសារទទួលបាន១០,០០០រៀលផងដែរ៕