(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ ក្នុងខត្តព្រៃវែង បានដឹកនាំសហការីមកសួរសុខទុក្ខដល់បងប្អូន កម្មករ ដែលរងរបួស ដោយការបាក់រលំអគារកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
នៅក្នុងឱកាសនោះ អភិបាលខេត្តព្រៃវែង បានសាកសួរសុខទុក្ខជនរងគ្រោះ៣នាក់ ដែលរស់នៅក្នុងខេត្តព្រៃវែង និងរងរបួសមកពីខេត្តផ្សេងចំនួន១០នាក់ទៀត នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២១០៩នេះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
លោក ជា សុមេធី បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំខេត្តសូមជូនពរដល់ជនរងគ្រោះ ដែលរងរបួស៣នាក់ និងបងប្អូនរងរបួសមកពីខេត្តផ្សេងដែល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក នៅខេត្តព្រះសីហនុនេះ សូមឲ្យឆាប់បានជាសះស្បើយកុំបីខាន ដើម្បីបានជួបជុំគ្រួសារប្រកបរបររកស៊ីជាធម្មតាវិញ។
ជាមួយនេះ លោកអភិបាលខេត្តព្រៃវែង និងមន្ត្រីក្រោមបាននាំថវិកាមួយចំនួន ចែកជូនដល់អ្នករងរបួស៣នាក់ រស់នៅក្នុងខេត្តព្រៃវែង និងអ្នករបួសខេត្តផ្សេង ១០នាក់ទៀតផងដែរ។
សូមបញ្ជាក់ថា ខេត្តព្រៃវែង មានអ្នកស្លាប់៦នាក់ និងអ្នករងរបួស៥នាក់ នៅក្នុងហេតុការបាក់រលំអគារ៧ជាន់នៅក្រុងព្រះសីហនុ ក្នុងចំណោមជនរងគ្រោះសរុប៥៤នាក់ (ស្លាប់២៨នាក់ និងរបួស២៦នាក់)៕