(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានអញ្ជើញចូលរួមសម្ពោធសាលមហោស្រព សួនច្បារ និងទីលានបាល់ទាត់ស្មៅសិប្បនិម្មិត ក្នុងបរិវេណ នៃបណ្ណាល័យកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។
នេះជាសមិទ្ធផលបន្ថែមថ្មីមួយ បន្ទាប់ពីបណ្ណាល័យកំពង់ស្ពឺ ដែលជាសមិទ្ធផលលេចធ្លោមួយ ក្នុងចំណោមសមិទ្ធផលជាច្រើនក្នុងខេត្ត ដែលកើតចេញពីគំនិតផ្តួចផ្តើមរបស់ លោក ហ៊ុន ម៉ានី ដោយមានការគាំទ្រពីសំណាក់សប្បុរសជន អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងរួមទាំងប្រជាពលរដ្ឋទូទាំខេត្តកំពង់ស្ពឺផ្ទាល់។
សាលមហោស្រពដែលមានលក្ខណៈទំនើប បំពាក់ដោយសម្ភារបច្ចេកទេសដែលមានស្តង់ដារខ្ពស់នេះ គឺជាសាលមហោស្រពដំបូងគេបង្អស់ ក្នុងខេត្តកំពង់ស្ពឺ សាងសង់ឡើងក្នុងតួនាទី ជាទីកន្លែងសម្រាប់ការផ្លាស់ប្តូរវប្បធម៌ អប់រំ កម្សាន្ដ។ សាលមហោស្រពនេះ មានបណ្តោយ១៦ម៉ែត្រ និងទទឹង៣០ម៉ែត្រ លំអតាមជញ្ជាំងដោយវាំងនន ចម្រុះពណ៌ និងភ្ជាប់ជាមួយសម្ភារបច្ចេកទេស ព្រមទាំងឧបករណ៍បំពងសម្លេងទំនើបតាមស្តង់ដារខ្ពស់ ហើយដែលទទួលបានអ្នកទស្សនា ចំនួន២២១នាក់។
ដោយឡែកសួនច្បារខាងក្រោយ និងតារាងបាល់ទាត់ស្មៅសិប្បនិម្មិត ក៏ជាទីកន្លែងថ្មីមួយ សម្រាប់សិស្សានុសិស្សអង្គុយអានសៀវភៅ សម្រាកលំហែអារម្មណ៍ ហ្វឹកហាត់កីឡា និងជាពិសេសសមិទ្ធផលថ្មីទាំងនេះ ក៏ជាទីតាំងសម្រាប់ប្រើប្រាស់ ក្នុងការរៀបចំកម្មវិធីយុវជន និងមហាជនផ្សេងៗទៀតផងដែរ។
លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ដែលមានភាពសកម្មក្នុងការស្វះស្វែងកៀរគរសប្បុរសជននានា ក្នុងការកសាងសមិទ្ធផលថ្មីៗជាច្រើន និងបានដោះស្រាយបញ្ហាផ្សេងៗ ដើម្បីប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ បានថ្លែងថា សមិទ្ធផលថ្មីបន្ថែមទៀត ត្រូវបានលេចរូបរាងឡើងនៅខេត្តកំពង់ស្ពឺ និងក្នុងបណ្ណាល័យខេត្តកំពង់ស្ពឺ ដែលមានដូចជាមហោស្រពបណ្ណាល័យកំពង់ស្ពឺ សួនច្បារខាងក្រោយ និងតារាងបាល់ទាត់ ស្មៅសិប្បនិម្មិត សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺទាំងអស់គ្នា។
សមិទ្ធផលទាំងនេះ មិនអាចកាត់ផ្តាច់ចេញពីការខិតខំប្រឹងប្រែង ការលះបង់របស់ក្រុមការងារ អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងជាពិសេសនោះ គឺការបន្តគាំទ្ររបស់ប្រជាពលរដ្ឋទូទាំងខេត្ត ដែលយើងទាំងអស់គ្នា នឹងខិតខំប្រឹងប្រែងបន្តថែមទៀត ក្នុងស្មារតីសាមគ្គីមួយ គឺ «រួមគ្នាដើម្បីកំពង់ស្ពឺ»។
សូមជម្រាបថា សមិទ្ធផលដែលកើតមានជាបន្តបន្ទាប់ រហូតមកដល់ថ្ងៃនេះ គឺកើតចេញពីគំនិតផ្តួចផ្តើមរបស់លោក ហ៊ុន ម៉ានី រហូតមានការចាប់ផ្តើមសាងសង់ អគារបណ្ណាល័យកាលពីឆ្នាំ២០១៥ ដែលជាបណ្ណាល័យសម្រាប់អាន បន្ទប់ប្រជុំតូចសម្រាប់ពិភាក្សាក្រុម បន្ទប់ស្រាវជ្រាវ បន្ទប់អ៊ីនធឺណេត និងការិយាល័យរដ្ឋបាល៕