Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ បន្តចុះអង្កេតរកផលិតផលខូចគុណភាពនៅផ្សារទំនប់រលក និងផ្សារម៉ាតម្តុំឧតុនិយម តែរកមិនឃើញមានសារធាតុគីមីហាមឃាត់ឡើយ

26-06-2019 14:31

(ព្រះសីហនុ)៖ មន្រ្តីសាខាកាំកុត្រូលខេត្តព្រះសីហនុ នៅថ្ងៃថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានសហការចូលរួមពីអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់នៅផ្សារទំនប់រលក ដេប៉ូចែកចាយគ្រឿងសមុទ្រស្រស់ និងផ្សារម៉ាតម្តុំឧតុនិយម ក្នុងក្រុសព្រះសីហនុ ខេត្តព្រះសីហនុ។

មន្រ្តីជំនាញកាំកុងត្រូលខេត្តព្រះសីហនុ បានឲ្យដឹងថា គោលបំណង នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទ ប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

មន្រ្តីកាំកុងត្រូល បានឲ្យដឹងទៀតថា នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋមរួមមាន៖ បង្គារ មឹកស្រស់ អយស្ទ័រ ត្រីប្រា ត្រីងៀត ជ្រក់ស្ពៃ សណ្តែកបណ្តុះ ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យ រកភាពមិនអនុលោមនៅលើសំបក វេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។ ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញមានវត្តមាន សារធាតុគីមីហាមឃាត់ នៅលើផលិតផលម្ហូបអាហារខាងលើ និងពុំមានការដាក់តាំងលក់ ទំនិញម្ហូបអាហារវេចខ្ចប់ស្រាប់ ខូចគុណភាពហួសកាលបរិច្ឆេទ នោះទេ។

ជាមួយគ្នានោះ មន្រ្តីជំនាញបានណែនាំដល់អាជីវករដទៃឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវាចៀសវាងបង្កផលប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕