(មណ្ឌលគិរី)៖ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋាន ក្រោមអធិបតីលោក ស្វាយ សំអ៊ាង អភិបាលខេត្ត និងលោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត។
កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត តំណាងអង្គការសង្គមស៊ីវិល ប្រធានសមាគម សហគមន៍ជាង ១៥០នាក់ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។
លោក ញន សិទ្ធិ អភិបាលរងខេត្តទទួលបន្ទុកកិច្ចការសមាគម និងអង្គការមិនមែនរដ្ឋាភិបាលខេត្តមណ្ឌលគិរី បានលើកឡើងថា សម្រាប់ឆ្នាំ២០១៩ គិតត្រឹមឆមាសទី១ ខេត្តបានគ្រោងប្រតិទិនប្រជុំ និងវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ដែលធ្វើសកម្មភាពក្នុងខេត្ត ដើម្បីពិភាក្សា និងផ្ដល់យោបល់ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលបានកើតមានឡើងនៅក្នុង សមាគម ឬក៏សហគមន៍។
អភិបាលរងខេត្តបានបន្ថែមថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានធ្វើសកម្មភាពជាក់ស្ដែង រួមមាន៖ ជួយទៅលើវិស័យសិទ្ធិមនុស្ស សិទ្ធិដីធ្លី ជួយលើវិស័យកាតព្វកិច្ចនៃការបោះឆ្នោត ជួយលើវិស័យសុខាភិបាល ជួយលើវិស័យអភិរក្សជីវចំរុះ និងអេកូទេសចរណ៍ជួយលើវិស័យកសិកម្មដាំបន្លែ និងចិញ្ចឹមសត្វ ជួយលើវិស័យអប់រំ និងវប្បធម៌ ជួយលើវិស័យដើម្បីការពារអភិរក្ស ធនធានធម្មជាតិ។
លោក ស្វាយ សំអ៊ាង បានថ្លែងថា «ការរៀបចំវេទិកាពិគ្រោះយោបល់នេះឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើការគ្រប់គ្រងកិច្ចការសមាគម អង្គការសង្គមស៊ីវិល ក្នុងភាពជាដៃគូរវាង រដ្ឋបាលខេត្ត និងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងធ្វើសកម្មភាពក្នុងខេត្តមណ្ឌលគិរី ក្នុងការរួមចំណែកអនុវត្តតាមគោលនយោបាយ យុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីឆ្លុះបញ្ចាំងសកម្មភាពរបស់ខ្លួនទៅតាមផែនការ និងគោរពតាមច្បាប់លក្ខខន្តិកៈស្តីពី ការបង្កើតអង្គការ សមាគម នៃព្រះរាជាណាចក្រកម្ពុជា»។
លោកអភិបាលខេត្ត បានជំរុញដល់អង្គការសង្គមស៊ីវិល សមាគម សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ត្រូវផ្តល់លិខិតស្នើសុំបើកទីស្នាក់ការឲ្យបានច្បាស់លាស់ មកទីចាត់ការអន្តរ វិស័យ ដើម្បីធ្វើបច្ចុប្បន្នភាព បង្កភាពងាយស្រួលក្នុងការពង្រឹងទំនាក់ទំនងការងារ ត្រូវបន្តផ្តល់របាយការណ៍ ឯកសារពាក់ព័ន្ធការចុះបញ្ជីបច្ចុប្បន្នភាព និងការធ្វើគម្រោងផែនការសកម្មភាពរបស់ខ្លួន ស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ បន្ទាប់ពីច្បាប់សមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលបានដាក់ឲ្យប្រើប្រាស់ឲ្យបានទៀងទាត់មករដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ចូលរួមប្រជុំតាមការអញ្ជើញរបស់រដ្ឋបាលខេត្ត៕