(ព្រះសីហនុ)៖ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារកម្លាំងចំរុះ បន្តចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងបណ្ណបើកបររបស់អ្នកបើកបររថយន្តកុងតឺន័រ ដឹកទំនិញចេញចូល នៅក្នុងបរិវេណកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដោយបានពិនិត្យទៅលើរថយន្ត ១១៥គ្រឿង រកឃើញល្មើសច្បាប់ ៥គ្រឿង និងផាកពិន័យបានទឹកប្រាក់សរុប ៤,៨០០,000រៀល។
ការចុះត្រួតពិនិត្យរឹតបន្តឹងនេះ មានគោលបំណងការពារទ្រព្យសម្បត្តិសាធារណៈដូចជា៖ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ ថ្នល់ ស្ពាន) ឱ្យបានស្ថិតស្ថេរ គង់វង្ស រឹងមាំប្រើប្រាស់ជាប់បានយូរអង្វែងតាម អាយុកាល ស្របតាមស្តង់ដារបច្ចេកទេសសាងសង់កំណត់ ក៏ដូចជា ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ ជាមួយគ្នានេះ គណៈកម្មាធិការសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានរំលឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ ឱ្យចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធដោយស្មារតី រួមសហការ និងការទទួលខុសត្រូវខ្ពស់។
សូមជម្រាបជូនថា ក្រុមការងារចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងបណ្ណបើកបរនេះ បានចាប់ផ្តើមត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយធ្វើការពិន័យអន្តរការ និងកែតម្រូវលក្ខណៈបច្ចេកទេសយានយន្តចំពោះយានយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងឡាយណា ដែលមិនបានបំពេញតាមលក្ខខណ្ឌតម្រូវដូចមានចែងក្នុងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន នៅតាមគោលដៅដើមទីក្នុងកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩មក។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដែលដឹកនាំដោយលោក សេង ឈួន បានចុះត្រួតពិនិត្យរថយន្តសរុប ២០១គ្រឿង មាន១៤% ប្រព្រឹត្តល្មើសច្បាប់ ក្នុងនោះមួយចំនួនត្រូវបានណែនាំ និងមួយចំនួនទៀតត្រូវបានផាកពិន័យ ប្រមូលបានជាទឹកប្រាក់ ៤,១៧៥,០០០ រៀល។ គោលដៅនៅកំពង់ផែស្វយ័តភ្នំពេញ៖ ត្រួតពិនិត្យបាន ៣៦គ្រឿង (ល្មើស១២គ្រឿង = ៣៣%) ក្នុងនោះបានឃាត់ទុក៣គ្រឿង ខណៈ១គ្រឿង បញ្ជូនទៅអធិការស្រុកកៀនស្វាយ ដោយសារការប្រើប្រាស់ផ្លាកលេខក្លែងក្លាយ និងគោលដៅកំពុងផែស្វយ័តក្រុងព្រះសីហនុ៖ ត្រួតពិនិត្យបាន ១៦៥គ្រឿង (ល្មើស១៧គ្រឿង = ១០%) ៕