(ព្រះសីហនុ)៖ តាមរយៈការសម្របសម្រួលពីលោក ថោង ខុង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមគ្រូពេទ្យ និងនិស្សិតស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក រួមជាមួយគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា បានចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋដែលរស់នៅជុំវិញមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម ខេត្តព្រះសីហនុ។
ក្រៅពីពិនិត្យព្យាបាលជំងឺ ក្រុមគ្រូពេទ្យ និងនិស្សិតស្ម័គ្រចិត្តខាងលើក៏បានអប់រំពីបញ្ហាសុខភាព ផ្ដល់ដៃសិប្បនិមិ ព្យាបាលធ្មេញ និងចែកជូនវ៉ែនតាជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋផងដែរ។
គិតមកដល់ឆ្នាំ២០១៩នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីអង្គការលើកកម្ពស់សុខភាពប្រកបដោយចីរភាព ហៅកាត់ SHE (Sustainable Health Empowerment) សរុប ៤០០នាក់ហើយ ដែលបានចុះមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជាប្រមាណ ៥ពាន់នាក់ ដោយចល័តនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។
លើកនេះជាលើកទី១០ ក្នុងការចុះមកប្រទេសកម្ពុជា និងជាលើកទី៣ ដែលធ្វើការព្យាបាលផ្ទាល់នៅគិលានដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ ដោយសហការជាមួយមូលដ្ឋានទ័ពជើងទឹករាម សហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងមានការចូលរួមពីសំណាក់គ្រូពេទ្យនៅគិលានដ្ឋានកងទ័ពជើងទឹករាមផងដែរ៕