(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តឥណទានសម្បទានចំនួន ៦០លានដុល្លារ ដើម្បីជួយបង្កើនជំនាញ និងការប្រកួតប្រជែង នៃកម្លាំងការងាររបស់កម្ពុជា ដែលកំពុងមានការកើនឡើង។ ខណៈពេលដែល រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំផ្លាស់ប្តូរផែនការ សេដ្ឋកិច្ចរបស់ខ្លួន ពីកំណើនសេដ្ឋកិច្ច ដែលមានកម្រិតជំនាញទាប និងប្រើប្រាស់កម្លាំងពលកម្មច្រើន ទៅជាកំណើនសេដ្ឋកិច្ចមួយ ដែលមានការរុញច្រានពីជំនាញខ្ពស់ វិញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ឥណទានសម្បទាននេះ មានគោលបំណងជួយដល់កម្ពុជា ក្នុងការធ្វើពិពិធកម្ម និង ទំនើបកម្មវិស័យឧស្សាហកម្មរបស់ប្រទេស តាមរយៈការកែលម្អបរិក្ខា និងឧបករណ៍សម្ភារ របស់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យា (TTIs) មួយចំនួន ដែលត្រូវបានជ្រើសរើសទូទាំងប្រទេស កែលម្អកម្មវិធីសិក្សា និង ជំនាញរបស់គ្រូបណ្តុះបណ្តាល របស់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យា និងជំរុញឲ្យមាន ទំនាក់ទំនងកាន់តែរឹងមាំជាមួយរដ្ឋាភិបាល និង សហគមន៍ធុរកិច្ច សំដៅសម្រេចឲ្យបាននូវសេចក្តីត្រូវការរបស់ទីផ្សារការងារ។
កម្ពុជាជាប់ចំណាត់ថ្នាក់ទី១១០ ក្នុងចំណោមសេដ្ឋកិច្ចចំនួន ១៤០ នៅក្នុងរបាយការណ៍ស្តីពី ការប្រកួតប្រជែងសកល ឆ្នាំ២០១៨ នេះបើយោងតាមការផ្តល់សេចក្តីរាយការណ៍ធុរកិច្ច ស្តីពីការលំបាកក្នុងការស្វែងរកនិយោជិត ដែលមានជំនាញខ្ពស់ សម្រាប់បំពេញតួនាទីបច្ចេកទេស។ កម្មវិធីអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់កម្ពុជា មិនទាន់អាចផ្តល់ជូន ទៅតាមសេចក្តីត្រូវការ របស់ទីផ្សារការងារនាពេលបច្ចុប្បន្នឡើយ ដោយកម្មវិធីអប់រំបណ្តុះបណ្តាលជាន់ខ្ពស់ភាគច្រើន ផ្តោតលើការងារនៅក្នុងវិស័យសេវាកម្ម។
លោកស្រី យូមីកុ យ៉ាម៉ាកាវ៉ា មន្ត្រីឯកទេសផ្នែកអប់រំរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានឲ្យដឹងថា «ការមានកម្លាំងការងារដែលមានជំនាញខ្ពស់ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ច រីកចម្រើនឆាប់រហ័ស និងកម្លាំងការងារកើនឡើង ដូចជាកម្ពុជា»។
លោកស្រីបន្តថា «ឥណទានសម្បទានរបស់ ADB នឹងផ្តោតលើការកែលម្អជំនាញ របស់និយោជិតដែលបម្រើការងារ នៅក្នុងវិស័យដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ដើម្បីជួយជំរុញដល់ការអភិវឌ្ឍន៍របស់ប្រទេស។ យើងនឹងធ្វើឲ្យប្រាកដថា រាល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋាភិបាល និង វិស័យឯកជន នឹងធ្វើការងាររួមគ្នាដើម្បីបង្កើនជំនាញរបស់និយោជិត»។
ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបន្ថែមទៀតថា គម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់ការប្រកួតប្រជែងនេះ នឹងជួយផលិតបាននូវអ្នកបច្ចេកទេសប្រកប ដោយគុណវុឌ្ឍិការងារ ចំនួន១៨,០០០នាក់ រួមមាន ២៨% ជាស្ត្រី ដែលមានលទ្ធភាពខ្ពស់ជាង ក្នុងការទទួលបានការងារធ្វើ និង ជំនាញបច្ចេកទេស នៅក្នុងវិស័យអាទិភាពចំនួន៤៖ កម្មន្តសាល សំណង់ អគ្គិសនី និង អេឡិកត្រូនិក។
ការអភិវឌ្ឍន៍ជំនាញ នឹងត្រូវបានធ្វើឡើងតាមរយៈ វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាចំនួន៥ ទូទាំងប្រទេសកម្ពុជា រាប់បញ្ចូលទាំងការកែលម្អបរិក្ខា នៅសាលបណ្តុះបណ្តាលថ្មី ចំនួន១៦ ដែលមានការគិតគូរពីបញ្ហា យេនឌ័រ មានបរិយាប័ន្ន និង សន្សំសំចៃថាមពល ដូចជា ជាន់អន្តេវាសកដ្ឋាន និង បន្ទប់ទឹកដោយឡែកពីគ្នា សម្រាប់ស្ត្រី ការផ្តល់ឧបករណ៍បណ្តុះបណ្តាលកម្រិតខ្ពស់ និងកម្រិតឧស្សាហកម្ម ការបណ្តុះបណ្តាល អភិវឌ្ឍន៍សមត្ថភាពសម្រាប់គ្រូបណ្តុះបណ្តាល និង ការផ្តល់ប្រាក់ឧបត្ថម្ភជូនសិស្សមួយចំនួន ក្រោមមូលដ្ឋានផ្អែកលើគុណសម្បត្តិ។
វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាទាំង៥ ដែលត្រូវបានជ្រើសរើសសម្រាប់គម្រោងនេះរួមមាន៖ វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ, វិទ្យាស្ថានជាតិបណ្តុះ បណ្តាលបច្ចេកទេស សម្រាប់ឧទ្យាន TVET និង វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។
លើសពីនេះទៀត គម្រោងនេះ នឹងផ្តល់នូវកាលានុវត្តភាព សម្រាប់ការបង្កើនជំនាញ និង ការរំលឹកជំនាញឡើងវិញ សម្រាប់និយោជិតដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហាចន្លោះប្រហោងជំនាញ និង កង្វះជំនាញ នៅក្នុងវិស័យឧស្សាហកម្ម តាមរយៈកម្មវិធីរៀនសូត្រផ្អែកលើការងារ។ កម្មវិធីផ្តល់ឥណទានសម្បទាន ដែលមានមូលដ្ឋានផ្អែកលើការងារ ចំនួន១៨ នឹងត្រូវបានអនុវត្តក្រោមភាពជាដៃគូ ជាមួយតួអង្គនៅក្នុងវិស័យឧស្សាហកម្ម ដែលនឹងជួយកែលម្អសមត្ថភាពរបស់និយោជិតប្រមាណ ៣៦០នាក់។
មូលនិធិសាកល្បងសម្រាប់អភិវឌ្ឍន៍ជំនាញ ដែលជាគំរូប្រកបដោយនវានុវត្តន៍ ដើម្បីបង្កើន និង លើកទឹកចិត្តដល់ការវិនិយោគរបស់ឧស្សាហកម្ម លើការអភិវឌ្ឍន៍ជំនាញក្នុងប្រទេសកម្ពុជា ក៏នឹងត្រូវបានពង្រីកផងដែរ។ គម្រោងនេះ នឹងផ្តល់ហិរញ្ញប្បទានដល់សំណើបណ្តុះបណ្តាល ដែលនឹងទទួលបានកិច្ចគាំទ្រពីមូលនិធិ ដែលនឹងផ្តល់ឱកាសបណ្តុះបណ្តាលជូន ដល់មនុស្សយ៉ាងហោចណាស់ ៣,៥០០នាក់ ក្នុងនោះយ៉ាងហោចណាស់ មាន ២៥% ជាស្ត្រី អភិវឌ្ឍន៍សមត្ថភាពរបស់ទីភ្នាក់ងាររដ្ឋាភិបាល ដើម្បីពង្រឹងការគ្រប់គ្រងមូលនិធិ និង ផ្តល់កិច្ចគាំទ្រសម្រាប់ការបង្កើតទីភ្នាក់ងារអចិន្ត្រៃយ៍ថ្មីមួយ ដែលនឹងរួចរាល់ និងមានដំណើរការត្រឹមឆ្នាំ២០២៤៕