(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានប្រកាសថា ការដាក់សម្ពាធរបស់បរទេសមកលើកម្ពុជា ក្រោមលេសហេតុផលនយោបាយ និងសិទ្ធិមនុស្សនោះ គឺជាឱកាស និងហេតុផលមួយដែលធ្វើឲ្យកម្ពុជាខ្លួនឯង អាចពង្រឹងផ្ទៃក្នុងកាន់តែរឹងមាំបន្ថែមទៀត។
ថ្លែងក្នុងកិច្ចពិភាក្សាតុមូល នៅរាជបណ្ឌិត្យសភាកម្ពុជា ក្រោមប្រធានបទ «តើនឹងមានអ្វីកើតឡើងនៅពេលដែលលោក សម រង្ស៊ី វិលត្រឡប់ចូលកម្ពុជាវិញ» លោកបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងយ៉ាងដូច្នេះថា «សម្ពាធបរទេសគ្រាន់តែជាការដាក់ ប៉ុន្ដែដាក់យ៉ាងដូចម្ដេច គឺធ្វើឲ្យកម្ពុជាកាន់តែពង្រឹង ដោយគ្រាន់តែប៉ុណ្ណឹងភ្លាម សម្ដេចតេជោលោកចាប់ផ្ដើមទាត់៥ជើងហើយស្រេច [...] សម្ពាធបរទេស មិនមែនជាសម្ពាធទេ គេធ្វើឲ្យកម្ពុជាខំប្រឹង»។
លោក សុខ ទូច បានគូសបញ្ជាក់ថា ហេតុផលដែលលោកអះអាងថា ការដាក់សម្ពាធជាឱកាសដែលធ្វើឲ្យកម្ពុជា អាចពង្រឹងផ្ទៃក្នុងកាន់តែរឹងមាំទៀតនោះ ព្រោះថាមួយរយៈចុងក្រោយនេះ សម្ដេចតេជោ ហ៊ុន សែន បានកែប្រែលក្ខខណ្ឌមួយចំនួន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរបស់ពាណិជ្ជករ ទាំងការនាំចេញ និងនាំចូលផងដែរ។
ប្រធានរាជបណ្ឌិត្យសភារូបនេះ បានលើកឡើងទៀតថា ការកែប្រែរបស់សម្ដេចតេជោ ហ៊ុន សែន នោះរួមមាន ទី១៖ច្រកព្រំដែនដែលធ្លាប់មានលក្ខខណ្ឌ និងការត្រួតពិនិត្យពីសំណាក់អង្គភាពច្រើននោះ សម្ដេចសម្រេចដកចេញ ដោយនៅសល់តែពីរប៉ុណ្ណោះ គឺគយ និងនគរបាលអន្ដោប្រវេសន៍, ទី២៖លុបចោលនូវអង្គភាព កាំសាប, លុបចោលការិយាល័យធិបតេយ្យ និងលើកទឹកចិត្តបង្កើតតំបន់ Free Zone Economic ដើម្បីឲ្យអ្នកវិនិយោគចូលមក, ទី៣៖ផ្ដល់ឱកាសឲ្យកម្មករទាំងប្រាក់បៀវត្សន៍ ទាំងស្ដ្រីមានផ្ទៃពោះ, ទី៤៖កាត់បន្ថយការឈប់សម្រាកច្រើនថ្ងៃ និងទី៥៖ សម្ដេចបានពង្រឹងលើវិស័យអប់រំ។
ជាមួយគ្នានេះ លោកបណ្ឌិត្យសភាចារ្យ សុខ ទូច ក៏បានអះអាងដែរថា ពាក្យដែលថាការដាក់សម្ពាធរបស់បរទេស ជាផ្លូវមួយដើម្បីបើកច្រកនយោបាយឲ្យទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចខ្លួនពីការអនុវត្តច្បាប់របស់សមត្ថកិច្ចកម្ពុជានោះ គឺជារឿងមិនពិតនោះទេ ពោលជាការភូតកុហក ដើម្បីកេងចំណេញខាងផ្លូវនយោបាយតែប៉ុណ្ណោះ។
ស្រដៀងគ្នានេះ លោក ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានគូសរំលេចដែរថា លោក សម រង្ស៊ី ជាមនុស្សបោកប្រាស់ ប្រឌិតព័ត៌មានពាក់ព័ន្ធករណីថា មានបរទេសគាំទ្រ ព្រោះរូបលោក សម រង្ស៊ី ខ្លួនឯងមិនដែលបានឈរ ក្នុងទីតាំងអង្គការសហប្រជាជាតិនោះឡើយ។
លោក ផៃ ស៊ីផាន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសួរបញ្ជាក់ថា ដែលឃើញបុគ្គលនោះ (លោក សម រង្ស៊ី) មានរូបថតនៅក្នុងអង្គការសហប្រជាជាតិ ឬមួយក៏មានរូបថតឈរជាមួយអ្នកយាមអង្គការសហប្រជាជាតិ។ ខ្ញុំជឿថាទាំងអស់គ្នាមានចម្លើយ ហើយដែលឃើញបុគ្គលទៅអង្គុយនៅលើកន្លែងវេទិការអង្គការ សហប្រជាជាតិទេ គឺមិនមានទេ។ ដូច្នេះការប្រឌិតព័ត៌មានដើម្បីទាក់ទាញអារម្មណ៍ពលរដ្ឋដែលទទួលបានព័ត៌មានមិនគ្រប់ជ្រុងជ្រោយប៉ុណ្ណោះ»។
លោក ផៃ ស៊ីផាន បានចាត់ទុកថា ការប្រឌិតព័ត៌មានយ៉ាងនេះ គឺជារឿងមួយដ៏អាម៉ាស់បំផុតរបស់លោក សម រង្ស៊ីខ្លួនឯងតែប៉ុណ្ណោះ ខណៈដែលរាជរដ្ឋាភិបាល ស្វាគមន៍ជានិច្ចសម្រាប់ការចង់មកប្រទេសកម្ពុជាវិញ ហើយកម្លាំងមានសមត្ថកិច្ចក៏ត្រៀមខ្លួនរួចជាស្រេចផងដែរ ដើម្បីចាប់ខ្លួនទណ្ឌិតរូបនេះ ដើម្បីធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕