(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសបន្ថែមថវិកា១០០ដុល្លារទៀត ជូនដល់ក្រុមជួយសង្គ្រោះទាំង១៤៨៧នាក់ ក្នុងហេតុការណ៍បាក់រលំអគារ នៅក្រុងព្រះសីហនុ ដោយបុរសនឹងទទួលបានម្នាក់២០០ដុល្លារ និងនារីទទួលបានម្នាក់៣០០ដុល្លារ សរុបចំណាយជាង៣០ម៉ឺនដុល្លារ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរថា ការផ្ដល់ថវិកាបន្ថែមនេះនឹងប្រគល់ជូននៅពេលបំពាក់មេដាយ ជូនពួកគេតែម្ដង និងបានស្នើឲ្យគ្រប់អង្គភាព នៃក្រុមជួយសង្គ្រោះទាំងរដ្ឋ និងឯកជនបញ្ជូនបញ្ជីឈ្មោះទៅកាន់ទេសរដ្ឋមន្ដ្រី គន់ គីម និងលោក សេង ទៀង។
Facecbook ផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ដោយមានសំណូមពរពីបងប្អូនមួយចំនួនសុំអោយខ្ញុំបន្ថែមជំនួយឱ្យកម្លាំង ដែលចូលរួមជួយសង្រ្គោះខ្ញុំសូមបន្ថែមជូនម្នាក់ៗ100$ថែមទៀតគឺបុរសទទួលបាន១នាក់ 200$នារី១នាក់ ទទួលបាន300$។ សរុបនៃការចំណាយជាង ៣០ម៉ឺនដុល្លា។ ចំពោះសំណូមពរឱ្យចែករំលែកប្រាក់ដែលសប្បុរសជនចូលរួមយកទៅជួយកម្លាំងសង្រ្គោះមិនអាចធ្វើបានទេ ព្រោះខុសនិងគោលដៅនៃការ អំពាវនាវរបស់ខ្ញុំ និងខុសពីបំណងរបស់សប្បុរសជនដែលចង់ជួយជនរងគ្រោះ។ដូចនេះត្រូវប្រើថវិការខ្ញុំក្នុងការផ្តល់ជំនួយនេះវិញ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា «សូមបញ្ជាក់បន្ថែមថា ថវិការបន្ថែមនឹងផ្តល់ជូននៅពេលបំពាក់មេដាយមាស ជូនតែម្តង។ ដូចនេះសុំអោយគ្រប់អង្គភាពនៃកងទ័ពអាវុធហត្ថ នគរបាល សុខាភិបាល កំពង់ផែ សាលាខេត្ត និងសាលាក្រុងព្រះសីហនុ និងអង្គភាពផ្សេងទៀតទាំង រដ្ឋ និងឯកជនឡើងបញ្ជីឈ្មោះបញ្ជូនមក ឯ.ឧ គន់ គីមនិង សេង ទៀង»។
សូមបញ្ជាក់ថា បន្ទាប់ពីបានផ្តល់ថវិកាលើកទឹកចិត្តដល់ក្រុមសង្រ្គោះ១៤៨៧នាក់ ក្នុងករណីរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាសបំពាក់មេដាយមាសជូនពួកគេថែមទៀត ដើម្បីឆ្លើយតបនឹងការខិតខំរបស់ពួកគេទាំងអស់គ្នារាប់ទាំងផ្នែកឯកជនផងដែរ៕