(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងសិក្សា ដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឲ្យស្របតាមគោលនយោបាយអភិវឌ្ឍវិស័យឧស្សហកម្ម របស់ប្រទេសកម្ពុជា។
បំណងនៃការប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះ ត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ)នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។
កិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុខាងលើនេះ ដើម្បីពិភាក្សាអំពីលទ្ធផលនៃការសិក្សាបឋមស្តីពី ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP)ឆ្នាំ២០១៥-២០២៥។
សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា អង្គប្រជុំបានពិភាក្សាលើលទ្ធផលនៃ ការសិក្សាបឋមរបស់ក្រុមការងារ និងបានកំណត់បញ្ហាប្រឈមនានា រួមទាំងផ្តល់អនុសាសន៍ជា វិធានការគោលនយោបាយសំដៅដោះស្រាយបញ្ហា ទាំងនាពេលបច្ចុប្បន្ន និងទៅអនាគត និងស្នើឱ្យក្រុមការងារធ្វើការសិក្សា និងគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ដាក់បញ្ចូលផែនការសកម្មភាពអនុវត្តន៍ ជាក់លាក់ទៅក្នុងគម្រោងផែនការមេដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង។
ផែនការមេត្រូវរួមបញ្ចូលនូវទិដ្ឋភាពចក្ខុវិស័យវែងឆ្ងាយ ដោយឈរលើគោលការណ៍សំខាន់ៗដូចជា៖
១៖ តំបន់ដែលមាននូវបច្ចេកវិទ្យាវ័យឆ្លាត, បរិក្ខារសម្រាប់រស់នៅលំដាប់ពិភពលោក (World Class Facility), បរិស្ថានបៃតង, តំបន់ឧស្សាហកម្ម និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីបម្រើឱ្យខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់។
២៖ ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្ស ដែលមានជំនាញវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីគាំទ្រវិស័យឧស្សាហកម្ម ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ ។
៣៖ ជាតំបន់មជ្ឍមណ្ឌលហិរញ្ញវត្ថុ, ខ្សែក្រវាត់បៃតងកសិកម្ម និងតំបន់លំនៅដ្ឋានព្រមទាំង គិតគូរដល់ការផ្គត់ផ្គង់សេវាសាធារណៈ ដែលមានគុណភាពស្តង់ដាខ្ពស់។
ជាមួយគ្នានេះវិទ្យាស្ថាន UPDIS បានចែករំលែកពីបទពិសោធន៍នៃគម្រោងអភិវឌ្ឍទីក្រុង នាបណ្តាប្រទេសជាច្រើនដែលរៀបចំ និងអនុវត្តដោយវិទ្យាស្ថាន UPDIS ក្នុងនោះមាន៖ ដំណើរការនៃការអភិវឌ្ឍទីក្រុងស៊ិនជិន, ប្រទេសចិនដែលបានប្រែក្លាយពី អតីតតំបន់ភូមិនេសាទ មកជាទីក្រុងមួយដ៏ស្រស់ត្រកាល និងមានហេដ្ឋាចរនាសម្ព័ន្ធ ទំនើបប្រកបដោយនវានុវត្តន៍ខ្ពស់ ដែលត្រូវបានគេចាត់ទុកថា ជាប្រភេទទីក្រុងវ័យឆ្លាត (SMART CITY)។
ការរៀបចំផែនការអភិវឌ្ឍទីក្រុងស៊ិនជិននេះគឺ មានការគិតគូរយ៉ាងល្អិតល្អន់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយទាំងហេដ្ឋា-រចនាសម្ព័ន្ធ, ការរៀបចំសំណង់អគារ, តំបន់លំនៅដ្ឋាន, ការកំណត់តំបន់ឧស្សាហកម្ម, តំបន់ការពារបរិស្ថានជាដើម។ ដែលការរៀបចំបានយ៉ាងមានរបៀបរៀបរយ និងមានលក្ខណៈច្នៃប្រឌិតខ្ពស់ប្រកបដោយ សោភ័ណ្ឌភាព និងផាសុខភាពគួរឱ្យចង់រស់នៅ៕