(បាត់ដំបង)៖ លោកស្រី ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ងួន រតន: អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ប្រកាសចូលកាន់តំណែងប្រធាន អនុប្រធានមន្ទីរកិច្ចការនារីខេត្តបាត់ដំបងថ្មី ដោយលោកស្រី ភោគ សុភ័ក្រ ត្រូវបានតែងតាំងជាប្រធានមន្ទីរកិច្ចការនារីខេត្តបាត់ដំបងថ្មី ជំនួសលោកស្រី អោ អៀង ដែលបានចូលនិវត្តន៍។
ពិធីប្រកាសចូលកាន់តំណែងថ្មីនេះដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ កងកម្លាំង មន្ទីរ អង្គភាពនានាជុំវិញខេត្ត មន្រ្តីមន្ទីរកិច្ចការនារី ជាច្រើនរូបផងដែរ។
លោក ងួន រតន: បានសម្តែងការអបអរសាទរ និងគាំទ្រចំពោះលោកស្រីប្រធានមន្ទីរកិច្ចការនារីដែលតែងតាំងថ្មី ដែលមានប្រធាន១រូប និងអនុប្រធាន២រូបនាពេលនេះ និងថ្លែងអំណរគុណដល់លោកស្រីប្រធានមន្ទីរចាស់ ត្រូវចូលនិវត្តន៍ផងដែរ ដែលបានខិតខំធ្វើការងារជំនាញរបស់ខ្លួនបានល្អរហូតមក ដែលទាក់ទងនឹងការងារស្រ្តី ដោយបានដើរតួនាទីបំរើការងារជាច្រើននៅថ្នាក់ក្រោមជាតិ ពិសេសបានសហការល្អជាមួយរដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធនានាកន្លងមក។
លោកស្រី ឃឹម ចំរើន ក៏បានថ្លែងអំណរគុណ និងអបអរសាទរដល់លោកស្រីទាំង៣រូប ដែលទើបតែងតាំងថ្មី និងជំរុញឱ្យខិតខំបំរើការងារបន្តវេនទៅថ្ងៃក្រោយទៀត ព្រមទាំងផ្តាំផ្ញើដល់មន្រ្តីកិច្ចការនារី ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ទើបយើងធ្វើការបានទទួលលទ្ធផលប្រសើឡើងបាន។ ជំនាញកិច្ចការនារីតែងបានសហការជាមួយស្ថាប័នពាក់ព័ន្ធ នូវការងារយេនឌ័រជាច្រើន ក៏ដូចជាបានចូលរួមទប់ស្កាត់នូវអំពើហឹង្សាក្នុងគ្រួសារ ស្រ្តីជួញដូរគ្រឿងញៀន រំលោភសេពសន្ទវ: និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។
លោកស្រី ឃឹម ចំរើន បានបន្តថា ការប្រកាសចូលកាន់តំណែងនាពេលនេះមាន ទី១៖ លោកស្រី ភោគ សុភ័ក្រ ជាប្រធាន ទី២៖ លោកស្រី ឈុន ធារិន ជាអនុប្រធាន និង ទី៣៖ លោកស្រី គា ថាវី ជាអនុប្រធាន និងបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីមន្ទីរកិច្ចការនារីទាំងអស់ រួមគ្នាបំរើការងារឲ្យកាន់តែល្អប្រសើ ដើម្បីលើកស្ទួយនិងអភិវឌ្ឍន៍ស្រ្តីដោយចូលរួម អភិវឌ្ឍន៍ប្រទេសជាតិកាន់តែរីកចំរើនផងដែរ៕