(ព្រៃវែង)៖ កម្លាំងនគរបាលខេត្តព្រៃវែង បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនជាបន្តបន្ទាប់ រហូតឈានទៅដល់ការចាប់ខ្លួនជនសង្ស័យចំនួន៥១នាក់ ដោយដកហូតថ្នាំញៀនជិត៥០កញ្ចប់ ព្រមទាំងសម្ភារមួយចំនួនទៀត។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា ដោយគោរពតាមអនុសាសន៍ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបទបញ្ជាដ៏តឹងរឹងរបស់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិតអគ្គស្នងកានគរបាលជាតិ, ស្នងការដ្ឋាននគរបាល ខេត្តព្រៃវែង ក្រោមការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្ត បានធ្វើការបង្រាបករណីគ្រឿងញៀនបានចំនួន ៨ករណី ដោយឃាត់មនុស្ស ៥១នាក់ គិតចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ស្នងការ បានចាត់ទុកថា ការបង្ក្រាបគ្រឿងញៀនខាងលើនេះ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
បើតាមលោកស្នងការ ករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ ស្រី២នាក់, ករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៣ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៤១នាក់ ស្រី៣នាក់ ព្រមទាំងដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ៤៧កញ្ចប់តូច និងសម្ភារសម្រាប់ជក់មួយចំនួនទៀត។
សម្រាប់ជនសង្ស័យទាំងនេះ ត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់ជាបន្តបន្ទាប់៕