(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតណែនាំដល់អភិបាលខណ្ឌទាំង១៤ ដោយអះអាងថា ពួកគេអាចនឹងត្រូវទទួលរងវិន័យរដ្ឋបាល និងទទួលខុសត្រូវមុខច្បាប់ជាធរមាន ប្រសិនបើមានសំណង់ណា ដែលគ្មានច្បាប់អនុញ្ញាត ត្រូវបានសាងសង់ឡើងនៅក្នុងដែនសមត្ថកិច្ចខ្លួន។
នេះបើយោងតាមលិខិតរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្ញើទៅកាន់អភិបាលខណ្ឌទាំង១៤ ស្តីពីវិធានការទប់ស្កាត់ សំណង់គ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ។
ក្នុងលិខិតរបស់លោក ឃួង ស្រេង បានកត់សម្គាល់ថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានណែនាំជាប្រចាំដល់រដ្ឋបាលខណ្ឌ ឱ្យយកចិត្តទុកដាក់ទប់ស្កាត់ នូវរាល់សំណង់ ដែលគ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
ទោះបីជាមានការណែនាំជាច្រើនលើកច្រើនសាររួចហើយក៏ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញ នៅតែសង្កេតឃើញថា សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាត សាងសង់នៅតែកើតឡើងជាបន្តបន្ទាប់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ដូចនេះដើម្បីគ្រប់គ្រង ការសាងសង់គ្រប់ប្រភេទ ឱ្យស្របតាមប្លង់គោល់រាជធានីភ្នំពេញ បទដ្ឋាននគរូបនីយបញ្ញត្តិ និងលក្ខណៈបច្ចេកទេសសំណង់នោះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើអភិបាលខណ្ឌ ត្រូវខិតខំទប់ស្កាត់រាល់សំណង់ ដែលគ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់ឱ្យខានតែបាន និងឱ្យមានប្រសិទ្ធភាព ក្នុងន័យរឹតបន្តឹង ការគោរពលិខិតបទដ្ឋានគតិយុត្ត ក៏ដូចធានាបាននូវសុវត្ថិភាព និងគុណភាពជូន ប្រជាពលរដ្ឋ។
យោងតាមលិខិតដដែល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងករណីដែលសំណង់ គ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាត សាងសង់នៅតែកើតមាន ហើយបង្កឱ្យមានគ្រោះថ្នាក់ និងបង្កព្យសនកម្ម ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះ លោកអភិបាលខណ្ឌ ត្រូវទទួលនូវវិន័យរដ្ឋបាលទៅតាមច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៉ីវិល និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ អាស្រ័យហេតុនេះ សូមលោកអភិបាលខណ្ឌ ជ្រាបនិងអនុវត្តតាមខ្លឹមសារខាងលើ ឱ្យបានម៉ឺងម៉ាត់ និងទទួលបានប្រសិទ្ធភាពខ្ពស់»៕