(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ៣៥គ្រួសារ តំណាងឱ្យ ១៤៥គ្រួសារ ដែលមានជម្លោះដីធ្លីយូរឆ្នាំជាមួយយោធាមូលដ្ឋានកងការពារ អាកាសវរ៩១នោះ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានលើកគ្នាមកតវ៉ានៅខាងមុខសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីលោកអភិបាលខណ្ឌជួយដោះស្រាយបន្ត ខណៈខាងមន្រ្តីយោធានៅមូលដ្ឋានកងការពារអាកាស បាននិងកំពុងរំលោភដីរបស់ពួកគាត់។
ការធ្វើដំណើរមកកាន់សាលាខណ្ឌនេះ បានកើតមានឡើង ក្រោយពីម្សិលមិញ ពួកគាត់បានផ្ទុះការតវ៉ាប្រឆាំង ដោយចោទប្រកាន់យោធាថានិយាយបភ្លៃការពិត។
ពួកគាត់បានចោទប្រកាន់ថា មន្រ្តីយោធាខាងលើមិនត្រឹមតែរំលោភដីរបស់ពួកគាត់ប៉ុណ្ណោះទេ ថែមទាំងប្រឆាំងនិងចំណាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលសម្រេចប្រគល់ដីជូនពួកគាត់ផង។ ប្រជាពលរដ្ឋបាននិយាយថា មន្រ្តីយោធានិយាយបំភ្លៃខុសពីការពិត នាំឲ្យមានការយល់ច្រឡំថា ទំនាស់នោះត្រូវបានដោះស្រាយចប់ ហើយអ្នកភូមិទាំងអស់ទទួលបានដី ប៉ុន្តែជាការពិតដីទំហំជិត ១០ហិកតា ត្រូវបានយោធាយកលក់ជិតអស់ហើយ។
ប្រជាពលរដ្ឋទាំងនោះ បានលើកគ្នាទៅធ្វើការតវ៉ាដល់ទីតាំងដីទំនាស់ ស្ថិតនៅជាប់បន្ទាយមូលដ្ឋាកងការពាអាកាស ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១៖៣០នាទីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ។
ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់បានធ្វើការតវ៉ាតែរហូតមកហើយ នៅពេលយោធារំលោភបំពានចាក់ដី និងឈ្លានពានលើដីដែលជាចំណែករបស់ពួកគាត់ ទំហំ ៤៣,៧៥០ម៉ែត្រការ៉េ ដែលក្រុមការងារបែងចែកកាត់ចេញពីដីទំហំ ៩ហិចតា ៣០អា ហើយការបែងចែកនោះ ក៏ផ្អែក និងយោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយរដ្ឋមន្រ្តីផងដែរ។ ប៉ុន្តែថ្មីៗនេះ យោធាបានលួចចាក់ដីលុបស្រះ នៅលើដីដែលជាចំណែកពួកគាត់ខាងលើ ទើបពួកគាត់ធ្វើការតវ៉ា ហើយបែរជាយោធានិយាយបែបបំភ្លៃការពិតថា «អ្នកភូមិខាងលើតវ៉ា៣០ ទៅ៤០ដងមកហើយ ប៉ុន្តែខាងអធិការកិច្ច បានដោះស្រាយប្រគល់ដីឲ្យពួកគាត់រួចហើយដែរ តែអ្នកភូមិទាំងនោះ ចេះតែកើតកូន កើតចៅបន្តទៀត។ ចំណែកអ្នកដែលតវ៉ាមិនមែនជាអ្នកនៅក្នុងបញ្ជីឡើយ ហើយមិនដឹងយ៉ាងម៉េចពួកវា នៅតែធ្វើការតវ៉ាទៀត»។
ប្រជាពលរដ្ឋ បាននិយាយថា រឿងរ៉ាវដែលនាំឈានដល់ការទំនាស់គ្នារវាងពួកគាត់ និងយោធាអង្គភាពខាងលើនោះ ក៏ព្រោះតែពួកគាត់ចិត្តល្អ និងទុកចិត្តយោនោះពេក ហើយក៏មិននឹកស្មានដល់ដែរ។ កាលពីអំឡុងឆ្នាំ១៩៨៧ កងទ័ពការពារដែនអាកាសវរ៩១នេះ ខ្ចីដីរួមសាមគ្គីភូមិព្រៃទា ពីពួកគាត់ទំហំជាង ៩ហិកតា ដើម្បីធ្វើជាមូលដ្ឋានកងទ័ព ជាបណ្ដោះអាសន្នប៉ុណ្ណោះ ហើយបានសន្យាថា និងប្រគល់មកឱ្យពួកគាត់វិញនៅពេលដែលអ្នកភូមិត្រូវការ។ រហូតដល់ឆ្នាំ២០០២ ពួកគាត់បានទាមទារយកដីមកវិញ ដើម្បីចែកកូនចៅក្នុងភូមិ ដែលបែកគ្រួសារ ដើម្បីរស់នៅស្រាប់តែយោធា មិនព្រមប្រគល់ឱ្យវិញឡើយ។
ក្រោយយោធាក្បត់ពាក្យសន្យាបែបនេះ ពួកគាត់បាននាំគ្នាតវ៉ាជាបន្តបន្ទាប់ ក្រោយមកយោងតាមចំណាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្រុមការងារដឹកនាំដោយ ក្រសួងការពារជាតិ បានសម្រេចដូចខាងក្រោម គឺទី១៖ កាត់ដីទំហំជាង ៣ហិចតា និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនទៅគ្រួសារកងទ័ពចំនួន ១២៤គ្រួសារ, ទី២ កាត់ដីទំហំ ៤៣,៧៥០ម៉ែត្រការ៉េ ប្រគល់ជូនពួកគាត់ ៣៥គ្រួសារ តំណាងឱ្យ ១៤៥គ្រួសារ និងទី៣៖ ដីដែលនៅសល់ទំហំជាង ១ហិចតា៤០អា រួមជាមួយដី២ហិចតាកន្លះ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅប្រគល់ជូនកងទ័ព ខាងលើនោះ។
បន្ថែមពីនេះ ក្រោយពេលឯកភាពគ្នាអស់ហើយ នៅរយៈពេលត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ ដល់ពេលប្រគល់ទៅហើយ ស្រាប់តែអត់វិញ ដោយក្រុមការងារឈប់ដោះស្រាយទៅវិញ ហើយមូលហេតុ ដែលមិនដោះស្រាយនោះ ក៏នៅតែជាអាថ៌កំបាំងរហូតមកទល់ពេលនេះ។
បន្ទាប់មកយោធា បានធ្វើសកម្មភាពរំលោភលើដីទំនាស់ស្រេចតែចិត្ត ចំណែកពួកគាត់នៅតែបន្តធ្វើការតវ៉ាជាបន្តបន្ទាប់ដែរ ហើយរឿងនោះថ្វី តែមិនទាន់ដោះស្រាយចេញ ប៉ុន្តែបានស្ងប់ស្ងាត់មួយរយៈពេលមកហើយ លុះដល់ពេលនេះស្រាប់តែយោធាចាក់ដីលុបស្រះ ដើម្បីពុះឡូតិ៍ លក់ទើបពួកគាត់នាំគ្នាតវ៉ាជាថ្មីទៀត។
យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ ភ្នាក់ងារព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីខាងមន្រ្តីយោធាបាននោះទេ៕