(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានផ្ញើសាររំលែកទុក្ខចំពោះក្រុមគ្រួសារជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់ ៧ជាន់ សង្កត់លើស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នៅក្នុងសាររំលែកទុក្ខ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស មានក្តីរន្ធត់យ៉ាងខ្លាំង និងសោកស្តាយជាអនេក បន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំអំពីសោកនាដកម្មរលំបាក់អគារកំពស់ ៧ជាន់ កាលពីព្រឹកទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ ដោយបានបង្កឲ្យមានការ បាត់បង់អាយុជីវិត និងរងរបួសបងប្អូនជនរួមជាតិជាកម្មករ-កម្មការិនី ដែលបម្រើការងារនៅក្នុងការដ្ឋានសាងសង់នោះ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមសំដែងនូវការសោកស្តាយស្រណោះអាឡោះអាល័យ និងសូមចូលរួមចែករំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់ដែលបានបាត់បង់សមាជិកខ្លួន នៅក្នុងហេតុការដ៏សោកសៅនេះ ដោយក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពរបស់បងប្អូន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងសូមជូនពរដល់បងប្អូនជាជន៍រងគ្រោះដែលកំពុងសម្រាកព្យាបាលរបួស សូមបានឆាប់ជាសះស្បើយដើម្បីអាចវិលមកប្រកបជីវភាពជាប្រក្រតីឡើងវិញ។
ជាថ្មីម្តងទៀត យើងខ្ញុំជាថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) សូមកោតសរសើរ និងផ្តល់កម្លាំងចិត្តដល់ក្រុមជួយសង្គ្រោះមកពីគ្រប់ផ្នែកទាំងអស់ ដែលបាននិងកំពុងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តជួយសង្គ្រោះ ដល់ជនរងគ្រោះដែលកំពុងជាប់នៅក្រោមគំនរអគាររលំបាក់ ទទួលបានជោគជ័យ និងសុខសុវត្ថិភាពគ្រប់ៗគ្នា៕