(ភ្នំពេញ)៖ ប្រជាពលរដ្ឋទូទាំងប្រទេសបានបង្ហាញអារម្មណ៍រន្ធត់ ទប់ទឹកភ្នែកមិនជាប់នោះទេ ក្រោយពីមានករណីរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ ដែលបណ្តាលឲ្យកម្មករជាច្រើនបានស្លាប់ និងរបួស។
នៅក្នុងនោះតារាចម្រៀង២ដួង គឺលោក អ៊ុក ណារីម និងភរិយាអ្នកនាង ឆោម ឆពុំ ក្នុងនាមជាអ្នកសិល្បៈ ក៏បានតាក់តែងនិពន្ធចម្រៀង២បទយ៉ាងកំសត់ រៀបរាប់ពីអារម្មណ៍ពិតការឈឺចាប់សោកស្តាយ ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពច្រៀងបង្ហាញពី ភាពក្តុកក្តួលរបស់ប្រជាពលរដ្ឋខ្មែរ។
ពិតណាស់ថា ទិដ្ឋភាពដ៏គួឲ្យអាសូរដែលកម្មករជាច្រើន ត្រូវបានអគារកម្ពស់៧ជាន់រលំសង្កត់ពីលើ អ្នកខ្លះក៏ស្លាប់ អ្នកខ្លះរបួសធ្ងន់ស្រាល គឺពិតជាអណោចអធ័មណាស់ គ្មានអ្នកណាចង់ឲ្យករណីនេះកើតឡើងនោះទេ។
ប៉ុន្តែជាអកុសលរឿងនេះ បានកើតឡើងហើយ អ្វីដែលធ្វើឲ្យកូនចៅប្រជាពលរដ្ឋខ្មែរ កាន់តែក្តុកក្តួលជាងនេះទៀតនោះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចុះទៅដល់បញ្ជាផ្ទាល់ក្នុងប្រតិបត្តិការមួយនេះ ដោយមិនខ្លាចនឿយហត់ធ្វើយ៉ាងណា ជួយទៅដល់កម្មករនេះ ពិតជាទឹកចិត្តដល់មហិមា មិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោនាយករដ្ឋមន្ដ្រី។
ក្រោយមានករណីនេះកើតឡើង តារាចម្រៀងលោក អ៊ុក ណារីម និងអ្នកនាង ឆោម ឆពុំ បានបកស្រាយចម្រៀង២បទ មានចំណងជើងថា «ខ្ញុំសូមចូលរួមរំលែកទុក្ខផង» បកស្រាយដោយអ្នកនាង ឆោម ឆពុំ និងបទ «ទឹកចិត្តសម្តេចតេជោ» ច្រៀងដោយ លោក អ៊ុក ណារីម។
អត្ថន័យបទចម្រៀង នីមួយៗ ស្តាប់ហើយពិតកំសត់ស្ទើរស្រក់ទឹកភ្នែក ហើយនេះក៏ជាសារមួយដែលរំលេចក្នុងបទចម្រៀង ផ្ញើរជូនទៅដល់គ្រួសារ នៃសពថាសោកនាដកម្មមួយនេះ គឺប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសសូមចូលរួមរំលែកទុក្ខផង។
សូមជម្រាបថា ក្នុងការណីបាក់រលំអគារកំពស់៧ជាន់ ព្រឹកទាបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បណ្តាលឲ្យមនុស្សស្លាប់២៨នាក់ និងរបួសធ្ងន់ស្រាល២៦នាក់៕