(ភ្នំពេញ)៖ លោក ហម វិរៈ (ហៅប៉ោរ) ចៅសង្កាត់រងទី១ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានទទួលមរណភាពនៅថ្ងៃសៅរ៍ ០៥រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នាវេលាម៉ោង០១៖៥៨នាទី រំលងអាធ្រាត្រក្នុងជន្មាយុ៧២ឆ្នាំ ដោយជរាពាធ និងរៀបចំធ្វើបុណ្យតាមប្រពៃណីគម្រប់ខួប០៧ថ្ងៃ នៅឯគេហដ្ឋាន ស្ថិតក្នុងភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃព្រហស្បត្តិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៣៖០០នាទីរសៀល។
យ៉ាងណាក៏ដោយ គិតត្រឹមល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ លោកស្រី ហម សុជាតា និងស្វាម៉ីលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ ដែលត្រូវជាកូនបង្កើត និងកូនប្រសារ និងចៅៗ តំណាងឲ្យក្រុមគ្រួសារនៃសពលោកឪពុក សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក ជីវ កេង អនុប្រធានតុលាការកំពូល និងភរិយា, លោក ជា ពិសី អភិបាលខណ្ឌ និងភរិយា តំណាងមន្ត្រីរាជការទូទាំងខណ្ឌ ដែលបានចាត់មន្ត្រីនាំយកបច្ច័យ មកចូលរួមបុណ្យ និងគោរព «វិញ្ញាណក្ខន្ធ» ដើម្បីរំលែកទុក្ខយ៉ាងក្រៀមក្រំ នៃការបាត់បង់មន្ត្រី ដែលបានរួមចំណែកធ្វើពលិកម្ម រាល់គ្រប់ សកម្មភាពសព្វបែបយ៉ាង ដោយមិនគិតពីការនឿយហត់រយៈពេលជាច្រើនឆ្នាំកន្លងមក។
ស្ថិតក្នុងសមានទុក្ខដ៏សោកសង្រេង ខ្សឹបខ្សួល រំជួលចិត្តដ៏សែនក្រៀមក្រំ យ៉ាងក្រៃលែង នៃការបាត់បង់លោកឪពុក លោកឪពុកក្មេក និងលោកតានេះ ក្រៅពីគោរពថ្លែងអំណរគុណ លោក ស៊ូ សោគន្ធ និងលោកស្រី ហម សុជាតា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក ជួយប្រោះព្រំថែរក្សាផ្ដល់សិរីសួស្ដី ជ័យមង្គលវិបុលសុខ ដ៏ប្រសើរថ្លៃថ្លាជូនចំពោះ លោក ជីវ កេង និងភរិយា ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រី ជាទីស្រឡាញ់, លោក ជា ពិសី និងភរិយា ព្រមទាំងបុត្រា-បុត្រី ជាទីស្រឡាញ់ និងមន្ត្រីរាជការទូទាំងខណ្ឌ សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដោយជួបតែនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា កម្មវិធីបុណ្យនិងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃព្រហស្បត្តិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៣៖០០នាទីរសៀល ជួបជុំបងប្អូនកូនចៅ និងញាតិមិត្ត ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយធ្វើបទនមស្ដារព្រះរតនត្រ័យ បន្ទាប់មកនិមន្ដព្រះសង្ឃ ចម្រើន ព្រះបរិត្ត និងព្រះធម្មកថិកសម្ដែងព្រះធម៌ទេសនា។ លុះព្រឹកឡើងថ្ងៃសុក្រ ១១រោច ត្រូវនិងថ្ងៃទី២៨ ខែ ឆ្នាំដដែល វេលាម៉ោង៧៖០០នាទីព្រឹក ប្រគេនយាគូដល់ព្រះសង្ឃ។ លុះដល់ម៉ោង១០ ជួបជុំបងប្អូនកូនចៅ វេរភត្តាហារ ប្រគេនដល់ព្រះសង្ឃ ហើយឧទ្ទិសជូនមគ្គផលមហាកុសលនេះដល់ឧបាសក ហម វិរៈ ព្រមទាំងបុព្វការីជនជាកិច្ចបង្ហើយបុណ្យ។
ដូចបានជម្រាបជូនខាងលើនេះ សូមគោរពអញ្ចើញ អស់លោក-លោកស្រី ញាតិមិត្តជិតឆ្ងាយ មេត្តាអញ្ជើញចូលរួមក្នុងពិធីបុណ្យនេះឲ្យបានអធិកអធម និងអនុមោទនាយកផល្លានិសង្ឃ តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួនកុំបីអាក់ខានឡើយ៕