(កំពង់ធំ)៖ លោកបណ្ឌិត ណៅ ធូក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ បានជំរុញឲ្យមន្ត្រីជលផលខិតខំប្រឹងប្រែង បង្ក្រាបបទល្មើសជលផលនៅក្នុងរដូវបិទនេសាទ ចាប់ពីខែមិថុនា រហូតដល់ខែតុលា ដោយជំរុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីការបង្កើតមុខរបរលើដីគោក នៅតំបន់ដែលពួកគាត់ចង់ទៅនៅ និងជំរុញប្រជាពលរដ្ឋចិញ្ចឹមត្រី និងអភិរក្ស និងការកែច្នៃឲ្យទៅជាតំបន់អេកូទេសចរណ៍ផងដែរ។
ការថ្លែងយ៉ាងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីជលផលនៃមន្ទីរសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដោយលោកបានបន្តថា «កម្លាំងជលផលត្រូវសហការរួមជាមួយកម្លាំងសមត្ថកិច្ច ដើម្បីចូលរួមការពារធនធានជលផលឲ្យបានគង់វង្ស និងជំរុញពង្រឹងសហគមន៍នេសាទ ដោយកំណត់មុខសញ្ញាឲ្យបានច្បាស់លាស់ ដើម្បីចាត់វិធានការអប់រំណែនាំ បើមិនរាងចាលត្រូវចាត់វិធានការបង្ក្រាបតាមផ្លូវច្បាប់ ហើយប្រសិនបើសហគមន៍មិនធ្វើបទល្មើសនោះ ក៏គ្មានការបង្ក្រាបដែរ»។
ជាមួយគ្នានេះដែរ លោក ប៉ែន វណ្ណារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលបានធ្វើរបាយការណ៍និងលើកអំពីបញ្ហាប្រឈមនានានៅក្នុងការអនុវត្តវិធានការ គឺស្ថានភាពបទល្មើសជាច្រើនកើតនៅពេលយប់ បើមន្ត្រីចុះបង្ក្រាបប្រជាពលរដ្ឋនាំគ្នាមកតវ៉ា ការចុះបង្ក្រាបមានវិសាលភាពធំល្វឹងល្វើយ និងខ្វះកម្លាំងចុះបង្ក្រាបបទល្មើសនេសាទផងដែរ៕