(ត្បូងឃ្មុំ)៖ បន្ទាប់ពីរយៈពេល ៣ឆ្នាំ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ នៃគម្រោងកសាងភាពធន់ក្នុងសហគមន៍ ក្រោមជំនួយឧបត្ថម្ភគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុពីកាកបាទក្រហមហ្វាំងឡង់ បានអនុវត្តជួយលើផ្នែកសុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងសហគមន៍គោលដៅ នៃស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ត្រូវបានបិទបញ្ចប់។ ដោយឡែក នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាស្រុកត្បូងឃ្មុំ បានធ្វើពិធីផ្ទេរអនុវត្ត បន្តគម្រាងនេះជូនសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំវិញ។
ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក សុខ ឡុង ប្រធាននាយកនាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជា និងមានការចូលរួមពីសំណាក់លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ លោក រស់ សុខន នាយកសាខាកាកបាទក្រហមខេត្ត លោក ហង្សចាន់សាណា ប្រធានគម្រោង ព្រមទាំងសមាជិកសមាជិកា អនុវត្តគម្រោងទាំងអស់។
លោក រស់ សុខន និងលោក ហង្សចាន់សាណា ឲ្យដឹងថា ដោយមានការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុពីកាកបាទក្រហមហ្វាំងឡង់ តាមរយៈនាយកដ្ឋានសុខភាព នៃកាកបាទក្រហមកម្ពុជា គម្រោងកសាងភាពធន់ក្នុងសហគមន៍ បានអនុវត្តរយៈពេល ៣ឆ្នាំ ចាប់ពីខែកក្កដាឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៩ ក្នុងសហគមន៍គោលដៅចំនួន ១២ភូមិ និង ១សាលារៀន ស្ថិតក្នុងឃុំចំនួន ៤ នៃស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្នុងគោលដៅរបស់ខ្លួន គឺរួមចំណែកកសាងសហគមន៍ឱ្យមានភាពធន់ តាមរយៈការលើកកម្ពស់សុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ដោយផ្តោតលើសកម្មភាពការងារចម្បងៗ ចំនួន ៣ផ្នែករួមមាន៖ ទី១-ផ្នែកសុខភាព, ទី២-ផ្នែកគ្រោះមហន្តរាយ និងទី៣-ផ្នែកអភិវឌ្ឍស្ថាប័ន។
លោកទាំង២ បន្តថា ដើម្បីសម្រេចបាននូវគោលដៅនេះ អ្នកស្ម័គ្រចិត្តកាកបាទក្រហមចំនួន ១៥០នាក់ និងយុវជនកាកបាទក្រហមចំនួន៥០ ត្រូវបានជ្រើសរើស និងពង្រឹងសមត្ថភាព សម្រាប់បម្រើការងារជូនប្រជាពលរដ្ឋចំនួន ១៣,៣៦២នាក់ ស្មើ ២,៩៤៧គ្រួសារ ២,៦០០ខ្នងផ្ទះ លើការងារអប់រំផ្សព្វផ្សាយ ការសង្គ្រោះបឋម យុទ្ធនាកាសម្អាតភូមិ ដែលពាក់ព័ន្ធនឹងសុខភាព ពលរដ្ឋ ព្រមទាំងការងារពាក់ព័ន្ធនឹងការបង្ការ និងសង្គ្រោះពេលមានគ្រោះមហន្តរាយនានា ការពង្រឹងសមត្ថភាពដល់អ្នកស្មគ្រចិត្ត ដោយមានជាទស្សនកិច្ចសិក្សា ការប្រារព្ធទិវារ និងយុទ្ធនាការនានា ធ្វើយ៉ាងណាលើកកម្ពស់អនាម័យសុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋអោយបានល្អប្រសើរ។
លើសពីនេះទៅទៀត គម្រោងកសាងភាពធន់ក្នុងសហគមន៍ បានសាងសង់បង្គន់គ្រួសារបានជាង ១១៤០បង្គន់ សាងសង់អណ្តូងទឹក កន្លែងលាងដៃ ឡដុតសម្រាម ផ្តល់ផើងចម្រោះទឹក ទូកសហគមន៍ និងផ្តល់សម្ភារ:ជាច្រើនទៀត ដើម្បីជាប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងភូមិគោលដៅ នៃស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ។
ថ្លែងនាឱកាសនោះ លោក សុខ ឡុង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារទាំងអស់ ដែលខិតខំបំពេញការងារមនុស្សធម៍ ដោយទទួលបានលទ្ធផលការងារជាច្រើនយ៉ាងល្អប្រសើរ ដែលគម្រោងអនុវត្តសម្រចបាននារយ:កាល៣ឆ្នាំកន្លងទៅនេះ។ លោកក៏បានថ្លែងអំណរគុណ ដល់កាកបាទក្រហមហ្វាំងឡង់ ដែលបានផ្តល់ជំនួយនាពេលកន្លងមក។
លោកបញ្ជាក់ផងដែរថា កាកបាទក្រហមហ្វាំងឡង់ ក្រោយបញ្ចប់បេសកម្មគាំទ្រលើគម្រោងនេះ បន្ទាប់ពីផ្ទេរការគ្រប់គ្រងគម្រោង សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ត្រូវបន្តអនុវត្តលើការងារ នេះឲ្យបានល្អ ក្នុងគោលដៅជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ។ លោក សុខ ឡុង ក៏បានជំរុញបង្កើតឲ្យមានជាសិក្ខាសាលា ដើម្បីផ្តល់ជាបទពិសោធន៏នានាជូនដល់ប្រជាពលរដ្ឋ ក្នុងស្រុកគោលដៅនៃគម្រោងកសាងភាពធន់ក្នុងសហគមន៍ទូទាំងខេត្តត្បូងឃ្មុំ ក្នុងគោលដៅជាខេត្តគំរូទី២ បន្ទាប់ខេត្តក្រចេះផងដែរ៕