(បាងកក, ប្រទេសថៃ)៖ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមវេទិកា កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម-ថៃ (CLMVT) ក្រោមប្រធានបទ CLMVT ជាមូលដ្ឋាននៃសង្វាក់តម្លៃបន្ថែមថ្មីសម្រាប់អាស៊ី “CLMVT Forum 2019: CLMVT as the New Value Chain Hub of Asia” នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមអធិបតីភាព ឯកឧត្តម ប្រាយុទ្ធ ច័ន្ទ អូឆា នាយករដ្ឋមន្រ្តីថៃ និងមានការចូលរួមបណ្តាប្រទេសដែលជា សមាជិក។ គោលបំណងចម្បងនៃវេទិកានេះ គឺដើម្បីបញ្ជាក់អំពីសក្តានុពលសេដ្ឋកិច្ច និងឧបសគ្គនានា នៅក្នុងតំបន់ CLMVT។
លោករដ្ឋមន្រ្តី បានចូលរួមកិច្ចសន្ទនារដ្ឋមន្រ្តីនៃប្រទេស CLMVT និងបានគួរបញ្ជាក់ថាបច្ចុប្បន្នប្រជាជនសរុបក្នុងតំបន់ CLMVT មានប្រមាណ ២៦៧ លាននាក់ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុប (GDP) ស្មើនឹង ៥.១% គិតត្រឹមឆ្នាំ២០១៨ និងលំហូរវិនិយោគបរទេសផ្ទាល់ (FDI) ស្មើនឹង៧.២%។ ប្រទេស CLMVT មានលក្ខណៈភូមិសាស្រ្ត និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចល្អ តម្រូវឲ្យប្រទេសសមាជិកបង្កើនទំនាក់ទំនងល្អ និងលើកយកយន្តការចាំបាច់នានា ដើម្បីទាញយកផលចំណេញពីការធ្វើពាណិជ្ជកម្មក្នុងតំបន់របស់ខ្លួន សំដៅទាក់ទាញដៃគូអភិវឌ្ឍន៍នានាបន្ថែមទៀត។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា បណ្តាប្រទេស CLMVT គួរសហការគ្នាក្នុងការដាក់ចេញនូវវិស័យដែលទទួលផលប៉ះពាល់ពីសង្រ្គាមពាណិជ្ជកម្ម ព្រមទាំងពង្រឹងសាមគ្គីភាពនៅក្នុងតំបន់ CLMVT ផ្អែកលើមូលដ្ឋានឈ្នះ ឈ្នះ សំដៅឆ្លើយតបទៅនឹងតម្រូវការចំាបាច់ និងសក្តានុពលភាពនៃប្រទេសជាសមាជិកសំដៅធ្វើម្ចាស់ពិតប្រាកដលើប្រជាជាតិ CLMVT ទាំងអស់៕