(ព្រៃវែង)៖ មន្ទីរកសិកម្មរុក្ខា ប្រម៉ាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគអស់ជាង ២តោន ដើម្បីទប់ស្កាត់ជំងឺប៉េស្តជ្រូក អាហ្រ្វកនៅតាមទីតាំងចិញ្ចឹមជ្រូក និងឡសត្តឃាតនានាក្នុងខេត្តព្រៃវែងផងដែរ។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង បានបញ្ជាក់ឲ្យដឹងថា ដោយយោងតាមការណែនាំពីក្រសួងកសិកម្ម និងអភិបាលខេត្តព្រៃវែង ក្នុងការទប់ស្កាត់នាំចូលសត្វជ្រូកពីប្រទេសជិតខាងនិងតម្រូវឲ្យមន្ត្រីជំនាញចុះផ្សព្វផ្សាយដល់ពលរដ្ឋ នៃការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្រ្វកនោះ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តព្រៃវែង បានប្រើប្រាស់គ្រប់លទ្ឋភាពដើម្បីបើកយុទ្ឋនាការអន្តរាគមន៍អនុវត្តវិធានការជីវសុវិត្ថភាព បាញ់ថ្នាំសម្លាប់មេរោគ ដោយប្រើប្រាស់ថ្នាំ BENKOCID ជាប្រភេទAntiseptic អស់ជាង ២,០០០លីត្រ (ស្មើ២តោន) បាញ់នៅតាមទីតាំងកន្លែងចិញ្ចឹមជ្រូករបស់កសិករជាង ១,០៨៦កន្លែង និងតាមបណ្តាឡរសត្តឃាតដ្ឋានចំនួន ១១០កន្លែង។
លោក អ៊ុក សំណាង បានបញ្ជាក់បន្តថា មន្ត្រីជំនាញក៏បានបាញ់ទៅលើមធ្យោបាយដឹកជញ្ជួនសត្វ នៅតាមបណ្តាក្រុងស្រុកទាំង១៣ ក្នុងខេត្តព្រៃវែង ពិសេសស្រុកជាប់ព្រំប្រទល់ជាប់ ប្រទេសវៀតណាមដូចជា៖ ស្រុកព្រះស្តេច, ស្រុកកំពង់ត្របែក, ស្រុកពាមជរ, ស្រុកមេសាង និងស្រុកកុំចាយមារ ក្នុងគោលបំណងដើម្បីការពារសុខភាពសត្វ ក៏ដូចជាការទប់ស្កាត់បញ្ហាជំងឺឆ្លងសត្វ ពិសេសទប់ស្កាត់ជំងឺឆ្លងប៉េសជ្រូកអាហ្វ្រិក ជូនប្រជាពលរដ្ឋដោយឥគិតថ្លៃផងដែរ៕