(បាត់ដំបង)៖ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ លោកស្រី ហួន ចន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល និងលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកព្រះរាជរូបត្ថម្ភរបស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពលោក ទន់ ប្រុស និងសពអ្នកស្រី ហួង ចាន់ថា ជាប្តី-ប្រពន្ធ ដែលបានរងគ្រោះបណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅក្នុងគ្រោះរលំបាក់អគារ នៅឯក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា កន្លងទៅ មានទីលំនៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
នៅក្នុងឱកាសនោះលោកស្រី បាននាំយកព្រះបន្ទូលរបស់សម្ដេចព្រះមហាក្សត្រី ដែលជាកូន ចៅ ចៅទូត ពិតជាមានព្រះរាជហឫទ័យក្ដុកក្ដាលជាទីបំផុត ក្រោយពីទទួលដំណឹងដ៏សោកសៅ អំពីការបាក់រលំអគារ ស្ថិតនៅក្នុងក្រុមទី១១ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបានបណ្តាលឱ្យអ្នកស្លាប់ និងរបួសជាច្រើននាក់ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ។
ព្រះរាជទ្រព្យរបស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានប្រោសព្រះរាជទានព្រះរាជអំណោយ ដល់គ្រួសារសពក្នុងមួយនាក់ទទូលបាន ២៥០ដុល្លារផងដែរ និងថវិកាឧត្ថមរបស់លោកឧកញ៉ា លឹម ទាឡេង ចំនួន ២០០ដុល្លារផងដែរ។
ឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ជាស្ថាពរ នៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះ។ តុល្យការជនរងគ្រោះដែលក្រុមការងារ បានជួយសង្រ្គោះយកចេញពីគំនរអគារបាក់បែក មានចំនួនសរុបចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ (ស្រី០៤នាក់) និងរងរបួសចំនួន២៦នាក់ (ស្រី០២នាក់)៕