Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការខេត្តកណ្តាល ចេញដីកាសម្រេចឃុំខ្លួនប្រធានសាខាធនាគារ LOLC ដាក់ពន្ធនាគារ ករណីបើករថយន្តបុកអ្នកជិះកង់ស្លាប់

25-06-2019 19:44

(កណ្តាល)៖ ក្រោយបញ្ចប់ការស៊ើបសួរលោក គឹម រ័ត្នណារិន ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញដីកាសម្រេចឃុំខ្លួនអ្នកបើករថយន្តម្នាក់ ដាក់ពន្ធនាគារ ករណីបើកទៅបុក អ្នកជិះកង់ស្លាប់ កាលពីម្សិលមិញ តាមបណ្តោយផ្លូវលេខ១១០ ភូមិក្បាលដំរីលើ ឃុំកំពុងកុង ស្រុកកោះធំ ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនដែលតុលាការសម្រេចឃុំខ្លួនឈ្មោះ ហេង គឹមហ៊ អាយុ៣៣ឆ្នាំ មុខរបរប្រធានសាខាមីក្រូហិរញ្ញវត្ថុ LO LC មានទីលំនៅបច្ចុប្បន្នភូមិពោធិកណ្ដាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ជននេះបើកបររថយន្តម៉ាកតូយូតាហាយឡែនឌ័រ ពណ៌ក្រហម ពាក់ស្លាកលេខ សៀមរាប 1B-2869។ ចំណែកជនរងគ្រោះជាអ្នកជិះកង់ឈ្មោះ គង លឹមអូន ភេទស្រី អាយុ៦៤ឆ្នាំ មានមុខរបរកសិករមានទីលំនៅភូមិ ឃុំកើតហេតុស្លាប់នៅកន្លែងកើតហេតុ។

បើយោងតាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក បានចែងថា ជនណាបើកបរដោយធ្វេសប្រហែសខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបណ្តាលឲ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារ ពី១ឆ្នាំ (មួយឆ្នាំ) ទៅ៣ឆ្នាំ (បីឆ្នាំ) និងពិន័យជាប្រាក់ពី ៤០០០០០០រៀល (បួនលានរៀល) ទៅ១៥០០០០០០រៀល (ដប់ប្រាំលានរៀល)៕