(ភ្នំពេញ)៖ លោកស្រី ទាវ ធីតា ក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ស្ទឹងមានជ័យ២ និងស្វាមីលោក ថោង សារ៉ាត់ ព្រមទាំងលោក ទូច សំអុល ចៅ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រួមនឹងក្រុមការងារមួយចំនួនទៀត នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមពិធីបុណ្យ និងចូលរួមរំលែកទុក្ខដល់គ្រួសារសពយុវជនម្នាក់ រស់នៅខណ្ឌមានជ័យ បាត់បង់ជីវិតដោយឧបទ្ទវហេតុបាក់រលំអគារសំណង់ នៅខេត្តព្រះសីហនុ។
យុវជន រិច្ឆិរ៉ា បញ្ញា អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឋមានជ័យ និងបានបាត់បង់ជីវិតដោយឧបទ្ទវហេតុបាក់រលំអគារសំណង់ នៅខេត្តព្រះសីហនុ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។
នៅក្នុងឱកាសនោះ លោកស្រី សុខ ម៉ាលី ជាតំណាងឲ្យលោកស្រី ទាវ ធីតា បាននាំយកបច្ច័យចូលរួមបុណ្យសព ជូនដល់ ក្រុមគ្រួសារ។ ជាមួយគ្នានោះ លោកស្រី ទាវ ធីតា ក៏បានសម្តែងការសោកស្តាយជាពន់ពេកចំនួនសោកនាដកម្មដ៏អាក្រក់មួយនេះផងដែរ។
ឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ជាស្ថាពរ នៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះ។ តុល្យការជនរងគ្រោះដែលក្រុមការងារ បានជួយសង្រ្គោះយកចេញពីគំនរអគារបាក់បែក មានចំនួនសរុបចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ (ស្រី០៤នាក់) និងរងរបួសចំនួន២៦នាក់ (ស្រី០២នាក់)៕