(សៀមរាប)៖ ដើម្បីចៀសវាងការយល់ច្រលំរវាងប្រព័ន្ធចំណាត់ថ្នាក់សណ្ឋាគារ និងការដាក់ពិន្ទុភាពពេញចិត្ត ដោយគេហទំព័ររបស់ក្រុមហ៊ុនក្រៅប្រទេស ក្រសួងទេសចរណ៍ បានបើកសិក្ខាសាលាមួយ នៅខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីផ្តល់ចំណេះដឹងពីប្រព័ន្ធចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍កម្ពុជា ឱ្យបានទូលំទូលាយ។
សិក្ខាសាលា ស្តីពី «ប្រព័ន្ធចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍កម្ពុជា» បានធ្វើឡើងនៅសណ្ឋាគារអង្គរសេនជូរី ខេត្តសៀមរាប ដែលមានការចូលរួមពីសិក្ខាកាមចំនួន២០០នាក់ ដែលជាតំណាងអាជីវកម្មសណ្ឋាគារ ភោជនីយដ្ឋាន ទីភ្នាក់ងារទេសចរណ៍។
ក្រសួងទេសចរណ៍បានកត់សម្គាល់ថា កន្លងទៅ មានការផ្សព្វផ្សាយបណ្តាលឱ្យមានការយល់ច្រលំខុសរវាងប្រព័ន្ធចំណាត់ថ្នាក់សណ្ឋាគារ និងការដាក់ពិន្ទុភាពពេញចិត្តដោយគេហទំព័ររបស់ក្រុមហ៊ុនក្រៅប្រទេសមួយចំនួនដូចជា៖ Booking.com Agoda.com Expedia.com ជាដើម ដែលមិនស្របទៅនឹងគោលការណ៍របស់កម្ពុជា។
លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានគណៈកម្មការរៀបចំ វាយតម្លៃ និងផ្តល់ចំណាត់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ បានបញ្ជាក់ថា ប្រព័ន្ធស្តង់ដារចំណាត់ថា្នក់នេះ ត្រូវបានអនុម័ត្តដោយអនុក្រឹត ហើយអនុវត្តដាច់ស្រលះពីប្រព័ន្ធផ្តល់ពិន្ទុផ្សេងទៀត របស់ក្រុមហ៊ុនទីភ្នាក់ងារក្រៅប្រទេស។
លោកបានស្នើដល់គ្រប់អាជីវកម្មស្នាក់នៅទេសចរណ៍ទាំងអស់ ត្រូវអនុវត្តកាតព្វកិច្ច ស្នើស៉ំចំណាត់ថ្នាក់ផ្កាយដូចមានកំណត់ ក្នុងមាត្រា៦ នៃអនុក្រឹតស្តីពីចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍។ បន្ថែមលើនេះលោកបានរម្លឹកជាថ្មីម្តងទៀត ដល់គ្រប់អាជីវកម្មសេវាកម្មស្នាក់នៅ ទេសចរណ៍ទាំងអស់មិនត្រូវផ្សព្វផ្សាយចំណាត់ថ្នាក់ដោយគ្មានការទទួលស្គាល់ពីក្រសួងទេសចរណ៍នោះទេ ទោះក្នុងរូបភាពណាក៏ដោយ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ក្រសួងទេសចរណ៍ និងគណៈកម្មការរៀបចំ វាយតម្លៃ និងផ្តល់ចំណាត់ថ្នាក់សណ្ឋាគារ បានដាក់ឱ្យប្រើប្រាស់ជាសាធារណៈនូវគេហទំព័រផ្លូវការមួយគឺ www.cambodiatourismrating.org ដែលសាធារណជនអាចប្រើប្រាស់បានដូចជា៖
១៖ ដាក់ពាក្យស្នើស៉ំចំណាត់ថ្នាក់តាមអនឡាញ
២៖ ធ្វើតេស្តសាក់ល្បង (self assessment) ដើម្បីដឹងពីកម្រិតចំណាត់ថ្នាក់សេវាកម្មរបស់ខ្លួន
៣៖ អាចផ្ទៀងផ្ទាត់ឈ្មោះ និងស្វែងរកឈ្មោះសណ្ឋាគារដែលមានចំណាត់ថ្នាក់ទូទាំងប្រទេស
និង ៤៖ អាចទាញយកឯកសារបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារចំណាត់ថ្នាក់សណ្ឋាគារនឹងសេវាកម្មស្នាក់នៅទេសចរណ៍ជាដើម៕