Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈប្រតិភូក្រសួង ចូលរួមវេទិកាអាស៊ាន-ចិន រយៈពេល៣ថ្ងៃ នៅទីក្រុងណាននីង ប្រទេសចិន

25-06-2019 18:09

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមវេទិកាអាស៊ាន-ចិន លើកទី១៣ ក្រោមប្រធានបទ «ការអភិវឌ្ឍសង្គម និងកាត់បន្ថយភាពក្រីក្រ» ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងណាននីង (Nanning) សាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៨ ខែមិថុនា ឆ្នាំ២០១៩។

គោលបំណង នៃវេទិកាអាស៊ាន-ចិន លើកទី១៣នេះ គឺដើម្បីបង្ហាញពីវឌ្ឍនភាព ដែលបណ្ដាប្រទេស ជាសមាជិកអាស៊ានសម្រេចបាន សម្រាប់វិស័យការអភិវឌ្ឍសង្គម និងកាត់បន្ថយភាពក្រីក្រ និងពិភាក្សាពីបញ្ហា ប្រឈមនានា ដើម្បីរៀបចំយុទ្ធសាស្រ្ត សំដៅឈានទៅសម្រេចឲ្យបាន នូវគោលដៅប្រកបដោយចីរភាព ក្នុងការកាត់បន្ថយភាពក្រីក្រ នៅឆ្នាំ ២០៣០។

ក្នុងឱកាសបំពេញទស្សនកិច្ច និងចូលរួមវេទិកាអាស៊ាននេះ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងប្រជុំទ្វេភាគីជាមួយ លោក CHEN Zhigan អនុរដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យក្រុមប្រឹក្សារដ្ឋ សម្រាប់ការកាត់បន្ថយ ភាពក្រីក្រ និងការអភិវឌ្ឍសាធារណរដ្ឋប្រជាមានិតចិនផងដែរ ដើម្បីពិភាក្សាលើគម្រោងមួយចំនួន ដែលភាគីមិត្តចិន បាននឹងកំពុងអនុវត្តនៅកម្ពុជា និងពិភាក្សាលើគម្រោងនានា សម្រាប់ពេលអនាគត ជាពិសេស គឺគម្រោងកិច្ចសហប្រតិបត្តិការ ជាមួយនិងក្រសួងអភិវឌ្ឍន៍ជនបទ៕