Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បង្កាន់ដៃនាគដែលលម្អដោយអសុរៈ និងទេវតានៅខ្លោងទ្វារដីឆ្នាំង កំពុងទទួលបានការជួសជុល ដោយអាជ្ញាធរជាតិអប្សរា

25-06-2019 17:44

(សៀមរាប)៖ បង្កាន់ដៃនាគលម្អដោយចម្លាក់អសុរៈ (យក្ស) និងទេវតានៅខ្លោងទ្វារដីឆ្នាំង ដែលជាខ្លោងទ្វារខាងជើងចេញចូលក្រុងអង្គរធំនោះ កំពុងដំណើរការបើកការដ្ឋានជួសជុលឡើងវិញដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ក្រោយពីទទួលបានអនុសាសន៍សម្រេចពីកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ

គម្រោងនេះនឹងបញ្ចប់ក្នុងរយៈពេល១ឆ្នាំ ក្រោមការចំណាយថវិការបស់មូលនិធិអភិរក្សអង្គរ ដែលត្រូវជួសជុលដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ។

ការជួសជុលឡើងវិញនេះធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ក្រោមវត្តមានលោក គឹម សុធិន អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ។

នាឱកាសនោះ លោក គឹម សុធិន បានឱ្យដឹងថា កន្លែងសំខាន់ដែលត្រូវជួសជុលមានរូបទេវតា៥អង្គ និងរូបយក្សកាន់ក្បាលនាគនៅផ្នែកខាងមុខ ដែលផ្អៀងគ្រឹះស្រុតដោយសារទឹកភ្លៀងហូរច្រោះដី ទើបតម្រូវឱ្យមានការជួសជុល ព្រោះមានហានិភ័យខ្ពស់។

ដើម្បីជៀសវាងការដួលរលំ អ្នកជំនាញត្រូវរើពង្រឹងគ្រឹះ និងរៀបរូបឱ្យរឹងមាំមានជំហត្រង់ឡើងវិញ។ ម្យ៉ាងទៀត ក្បាលនាគនេះធ្លាប់ដួលរួចម្តងហើយ ព្រោះវាខុសពីជំនាន់បារាំង។

លោក ឃាម មុនី ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងជួសជុល បានឱ្យដឹងថា បង្កាន់ដៃនាគលម្អដោយអសុរៈ និងទេវតានៅខ្លោងទ្វារដីឆ្នាំងមានប្រវែង ១១២ម៉ែត្រ រងការខូចខាតដោយសារកត្តាមនុស្ស ភាពជាប់មាំរបស់សម្ភារៈហួសកាលកំណត់ អាយុកាលនៃថ្ម អាកាសធាតុ និងរុក្ខជាតិជាដើម។

ម្យ៉ាងទៀត បើតាមរយៈរូបភាពថតមុនឆ្នាំ១៩៣៩ ចម្លាក់ទាំងនេះគឺដួលទាំងអស់គ្មានរូបរាងជាជួរអ្វីឡើយ ហើយត្រូវបានបារាំងជួសជុលរួចរាល់នៅឆ្នាំ១៩៤៤។

បន្ថែមពីនោះ លោកប្រធានគម្រោងរូបនេះ ក៏បានឱ្យដឹងពីមូលហេតុសំខាន់ដែលត្រូវជួសជុលអសុរៈ ព្រោះចម្លាក់នេះទ្រេត ហើយក្បាលនាគបានធ្លាក់អស់។ ចំណែកទេវតា៥អង្គ គឺប្រឈមខ្លាំងនឹងការរលំដួល រីឯស៊ីម៉ង់តិ៍ដែលជាបាយអររបេះចេញ ពីសំណង់ពុកផុយអស់សុពលភាព។ ដូច្នេះក្រុមការងារនឹងរៀបចំជួសជុលសារឡើងវិញ ព្រមទាំងរៀបប្រព័ន្ធបង្ហូរទឹក កុំឱ្យវាដក់ ឬហូរច្រោះដី និងស្វែងរកថ្មចាស់មកបំពេញកន្លែងបាត់បង់ ឱ្យត្រឹមត្រូវតាមលំនាំដើម ដូចសម័យបារាំងបានជួសជុលរួចនាឆ្នាំ១៩៤៤៕