(ព្រៃវែង)៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ជាម ប៉េអា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងលោក ខៀវ ភារិទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារសព និងជនរងគ្រោះ ដោយសារឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ ដែលបានកើតឡើងកាលកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ។
ឱកាសចុះសួរសុខទុក្ខគ្រួសារសពនៅស្រុកបាភ្នំ ខេត្តព្រៃវែង លោកតំណាងរាស្ដ្រ ជាម ប៉េអា និងលោកតំណាងរាស្ដ្រ ខៀវ ភារិទ្ធ បានសម្តែងក្តីរន្ធត់ក្ដុកក្ដួល រំជួលចិត្តឥតឧបមា ចំពោះដំណឹងសោកនាដកម្ម រលំបាក់អគារកម្ពស់៧ជាន់ ដោយបានបង្កឲ្យមានការបាត់បង់អាយុជីវិត និងរងរបួសដល់បងប្អូនជនរួមជាតិ ជាកម្មករកម្មការិនីដែលបម្រើការងារនៅការដ្ឋាន។
អ្នកតំណាងរាស្ត្រទាំងពីររូប សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធបងប្អូនជនរងគ្រោះបាត់បង់ជីវិត បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងសូមជូនពរដល់បងប្អូនជាជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលរបួស សូមបានឆាប់ជាសះស្បើយ ដើម្បីវិលមកប្រកបការងារជាប្រក្រតីឡើងវិញ។
ក្រៅពីចុះសួរសុខទុក្ខ និងលើកទឹកចិត្តគ្រួសារសព និងជនរងគ្រោះ លោក ជាម ប៉េអា និងលោក ខៀវ ភារិទ្ធ តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បានចូលរួមជាបច្ច័យបុណ្យដល់គ្រួសារសព ចំនួន៦នាក់ នៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុរលំបាក់អគារនៅខេត្តព្រះសីហនុ។
សូមជម្រាបថា ប្រតិបត្តិការ នៃការរុករកជនរងគ្រោះក្នុងឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ជាស្ថាពរ នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបើកប្រតិបត្តិការអស់រយៈពេល២ថ្ងៃកន្លះ។ តុល្យការជនរងគ្រោះដែលក្រុមការងារ បានជួយសង្រ្គោះយកចេញពីគំនរអគារបាក់បែក មានចំនួនសរុបចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ (ស្រី០៤នាក់) និងរងរបួសចំនួន២៦នាក់ (ស្រី០២នាក់)៕