(កំពង់ចាម)៖ ថវិកា និងអំណោយរបស់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា ត្រូវបានលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ចាត់ឲ្យក្រុមការងារយកទៅប្រគល់ជូនមន្ដ្រីនគរបាល ដែលមានជំងឺកំពុងសម្រាកព្យាបាល នៅក្រុងកំពង់ចាម និងស្រុកចំការលើ (សម្រាកនៅពេទ្យកាល់ម៉ែត)។
ការយកអំណោយប្រគល់ជូននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ស្នងការ បានចាត់តាំងលោកវរសេនីយ៍ទោ អ៉ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានដឹកនាំកម្លាំង និងសប្បុរសជន ចុះសួរសុខទុក្ខ និងនាំយកនូវថវិកា គ្រឿងឧបភោគបរិភោគ យកទៅប្រគល់ជូន លោកវរសេនីយ៍ត្រី ទាម តុងម៉េង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចាម ដែលកំពុងសម្រាកព្យាបាលជំងឺសំពាធឈាមឡើង (បណ្តាលឲ្យដាច់សរសៃវែន ក្នុងក្រពោះ) នៅលំនៅដ្ឋាន ស្ថិតក្នុងភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលការផ្តល់ជូននេះជាលើកទី៤ហើយ។
អំណោយទាំងអស់នោះរួមមាន អង្ករ២បេ, ត្រីខ១យួរ, មី១កេស, ទឹកសុទ្ធ១យួរ និងថវិកាសរុប៦៥០,០០០រៀល។
ដោយឡែក លោកក៏បានចាត់ឲ្យលោកវរសេនីយ៍ទោ ថុង ភូរីវុធ អធិការនគរបាលស្រុកកងមាស (ស្ដីទី) និងសហការីចុះទៅសាកសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី សេង រតនៈ មន្រ្តីផ្នែកសណ្ដាប់ធ្នាប់ ដែលមានជំងឺលើសឈាម និងក្រិនថ្លើមធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
អំណោយរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ដែលត្រូវបានយកទៅប្រគល់ជូននោះរួមមាន៖ ថវិកា៧០០,០០០រៀល, មី១កេស, ទឹកសុទ្ធ១កេស, ទឹកដោះគោឆៅ០១យួរ៕