(ភ្នំពេញ)៖ លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំយុទ្ធនាការដាក់អាបែត និងអប់រំប្រជាពលរដ្ឋ ពីការលុបបំបាត់ជម្រកមូសខ្លា នៅភូមិព្រៃជីសាក់, ព្រៃព្រឺង ខាងជើង១,២ ក្នុងសង្កាត់ចោមចៅទី៣ ដើម្បីចូលរួមចំណែក ទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកស្រី កែវ សុខពិសី បានថ្លែងថា «គ្មានជម្រកមូសខ្លា គ្មានជំងឺគ្រុនឈាម ដូច្នេះការចុះមកដាក់អាបែត និងអប់រំប្រជាពលរដ្ឋ ឲ្យមានការយល់ដឹងអំពី ការលុបបំបាត់ជម្រកមូសខ្លា ដែលជាភ្នាក់ងារ ជំងឺគ្រុនឈាម គឺជាកត្ដាសំខាន់បំផុត ។ កាលណាផ្ទះគាត់ គ្មានទឹកដក់ បរិស្ថានស្អាតនោះ នឹងគ្មានជម្រកមូសខ្លា ហើយក៏គ្មានភ្នាក់ងារចម្លងគ្រុនឈាមទៅកូនរបស់គាត់ និងក្រុមគ្រួសារគាត់នោះឡើយ»។
ជាងនេះទៅទៀត លោកស្រី បានថ្លែងបញ្ជាក់ថា «ដើម្បីទប់ស្កាត់ការ ចម្លងជំងឺគ្រុនឈាមនេះ យើងបានរួមគ្នាជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មន្ដ្រីនៅតាមខណ្ឌនីមួយៗ បានប្រឹងប្រែងរួមគ្នា ក្នុងការចុះទៅអប់រំ ណែនាំដល់ប្រជាពលរដ្ឋ នៅតាមភូមិឃុំ អាជីវករ សិស្សសាលា ពីការពារទប់ស្កាត់ដ៏មានប្រសិទ្ធិភាព ដោយកុំឲ្យពួកគាត់យល់ថា មានតែការបាញ់ថ្នាំមូសទេ ដែលអាចសម្លាប់មូសបាន គឺមិនមែននោះ ថ្នាំបាញ់មូស អាចសម្លាប់បានតែមូសប៉ុណ្ណោះ មិនអាចសម្លាប់ដង្កូវទឹកបានទេ ដូច្នេះ ក៏មិនអាចលុបបំបាត់ជម្រកមូសខ្លាទាំងស្រុងបានដែរ។ ជាពិសេស កាលណា ដែលយើងប្រើប្រាស់ថ្នាំបាញ់មូសទៅ វានឹងអាចប៉ះពាល់ដល់ផលដំណាំ និងសុខភាពរបស់ប្រជាពលរដ្ឋយើងផងដែរ» ។
ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏បានឡើងលម្អិតផងដែរថា ជម្រកមូសខ្លា គឺនៅតាមកន្លែងដក់ទឹកថ្លា ដែលមានក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប ចានស្នោរ ថូទ្រជើងតុទូ និងសំបកវត្ថុដក់ទឹកភ្លៀងផ្សេងៗ ហើយមូសខ្លា មិនពង នៅកន្លែងទឹកស្អុយ ឬទឹកលូនោះឡើយ។ ដូច្នេះ បើបងប្អូនយើង សម្អាតបរិស្ថាន កុំឲ្យមានកន្លែងដក់ទឹកថា្ល ដោយកុំទុកដាក់សំបកកង់ឡាន ម៉ូតូហាលភ្លៀង នៅក្នុងសហគមន៍ ត្រូវដាក់អាបេតក្នុងពាង និងអាងទឹកដើម្បីសម្លាប់ដង្កូវទឹក នោះនឹងគ្មានជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម មកគ្រួសាររបស់គាត់ឡើយ ហើយគាត់បានចូលរួមចំណែកដ៏សំខាន់ ក្នុងការលុបបំបាត់ជំងឺគ្រុនឈាមដែរ។
លោកវេជ្ជបណ្ឌិត បន្ដថា «រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជា ក្រសួងសុខាភិបាល បានលើកទឹកចិត្ដឲ្យប្រជាពលរដ្ឋ ចូលរួមលុបបំបាត់ជម្រកមូសខ្លា នៅជុំវិញគេហដ្ឋានរបស់គាត់ នៅក្នុងភូមិរបស់គាត់ នេះជាគន្លឹះ ដែលជួយទប់ស្កាត់ការរាលត្បាតនៃជំងឺគ្រុនឈាម។ ការចម្លងជំងឺគ្រុនឈាម គឺអាស្រ័យទៅលើ ភ្នាក់ងារចម្លងជំងឺគ្រុនឈាម គឺមូសខ្លា ជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម បើលុបបំបាត់ជម្រកមូសខ្លាបាន ហើយមូសខ្លាគ្មានវត្ដមាននៅទីក្រុងយើង ការចម្លងជំងឺគ្រុនឈាមក៏គ្មានដែរ» ។
សូមជម្រាបថា ក្រៅពីយុទ្ធនាការដាក់អាបែត និងអប់រំពលរដ្ឋប្រជាពលរដ្ឋ ពីការលុបបំបាត់ជម្រកមូសខ្លា ដែលបានប្រារព្ធធ្វើនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានអនុវត្ដន៍ ការចុះដាក់អាបែត តាមខណ្ឌចំនួន៩ ដង្កោ មានជ័យ ច្បារពៅ ជ្រោយចង្វារ ឬស្សីកែវ សែនសុខ ព្រែកព្នៅ ពោធិ៍សែនជ័យ និងកំបូល ចែកចាយ ចំនួន១០តោននៅតាមខណ្ឌនីមួយៗ ហើយមន្ដ្រីសុខាភិបាល នៅតាមស្រុងប្រតិបត្ដិ ក៏ដូចជា មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក បានយកអាប៊ែតនោះទៅចែកជូនប្រជាពលរដ្ឋ នៅតាមផ្ទះ តាមភូមិ ដោយបានសហការជាមួយអាជ្ញាធរសង្កាត់ ដោយយកអាប៊ែត ទៅចែកជូនគាត់នៅតាមគោលដៅ និងណែនាំ អ្នកស្ម័គ្រចិត្ដភូមិ ឲ្យគាត់ចេះដាក់ នៅក្នុងពាងទឹក ឬអាងទឹក លើសពីនោះ ក៏បានទៅបាញ់ថ្នាំមូស ទៅតាមទីតាំងដែលសម្បូរទៅដោយមូសខ្លាផងដែរ៕