Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តប៉ៃលិន៖ មន្ត្រីរាជការត្រូវចាត់ទុកខ្លួនជាអ្នកបម្រើរាស្ត្រ មិនមែនចាត់ទុកខ្លួនជាម្ចាស់លើរាស្ត្រនោះទេ

25-06-2019 15:46

(ប៉ៃលិន)៖ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលស្រុកសាលាក្រៅ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានលើកឡើងថា ក្នុងនាមជាមន្ត្រីរាជការត្រូវតែខិតខំបម្រើ សេវាសាធារណៈនានា ជូនដល់ប្រជាពលរដ្ឋ និងមិនត្រូវចាត់ទុកខ្លួនថា ជាម្ចាស់លើប្រជាពលរដ្ឋជាដាច់ខាត។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានថ្លែងថា ដូច្នេះសូមមន្ត្រីនៅតាមមូលដ្ឋានទាំងអស់ត្រូវខិតខំផ្តល់សេវាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ជាពិសេសត្រូវយកចិត្តទុក ទៅលើការងាររបស់ខ្លួនដែលទទួលខុសត្រូវ មានសាមគ្គី រក្សាភាពថ្លៃថ្នូរ មានសីលធម៌ល្អ ក្នុងនាមជាមន្ត្រីរាជការ។

លោក ផាន់ ចាន់ធុល បានបន្តថា ការសម្ពោធដាក់ឱ្យដំណើរការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលស្រុកសាលាក្រៅនាពេលនេះ គឺដើម្បីលើកកម្ពស់ ប្រសិទ្ធភាពប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវា រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈប្រមូលផ្តុំសេវារដ្ឋបាលនៅលើវិស័យនានា នៅកន្លែងតែមួយក្នុងការបង្កភាពងាយស្រួល និងធ្វើឱ្យទាន់ពេលវេលា ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៏បានផ្តាំផ្ញើដល់មន្ត្រីដែលបម្រើការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលស្រុកសាលាក្រៅទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បំពេញភារៈកិច្ចរបស់ខ្លួន ដោយទទួលខុសត្រូវខ្ពស់ ហើយត្រូវធ្វើការបណ្តើរ សិក្សាស្វែងយល់បណ្តើរៗ ជាពិសេសត្រូវអនុវត្តន៍តាមមូលដ្ឋានច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យបានម៉ឺងម៉ាត់។

បើតាមរបាយការណ៍របស់លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានឱ្យដឹងថា អាគារការិយាល័យច្រកចេញចូលតែមួយ ស្រុកសាលាក្រៅ ចាប់ផ្តើមសាងសង់នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយប្រើប្រាស់ថវិកា ចំនួន៤២០លានរៀល ដែលជាកញ្ចប់ថវិការរបស់រដ្ឋបាលខេត្តប៉ៃលិន៕