(ភ្នំពេញ)៖ បុគ្គលិកក្រុមហ៊ុន ជីប ម៉ុង ចំនួន៦៥នាក់ បានសហការជាមួយសមាជិកសហគមន៍ការពារធម្មជាតិសាមគ្គី ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដាំកូនដើមគ្រញូងចំនួន ៣២០០ដើមដោយជោគជ័យ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ។
ក្រុមហ៊ុន ជីប ម៉ុង គឺជាក្រុមហ៊ុនដំបូងគេ ដែលបានចូលរួមដាំដើមគ្រញូង នៅសហគមន៍ការពារធម្មជាតិសាមគ្គី ភ្នំឱរ៉ាល់ចំនួនពីរឆ្នាំជាប់ៗគ្នា ដែលកាលពីឆ្នាំ២០១៨ បុគ្គលិក ជីប ម៉ុង បានដាំកូនឈើចម្រុះចំនួន១,០០០ដើម ក្នុងសហគមន៍នេះផងដែរ។
លោក ង៉ែត រ៉ាយ៉ា បុគ្គលិក ក្រុមហ៊ុន ជីប ម៉ុង ដែលបានចូលរួមកម្មវិធីដាំដើមឈើ នៅសហគមន៍ការពារធម្មជាតិសាមគ្គី បានបញ្ជាក់ថា ក្រៅពីបានរួមចំណែកដល់សហគមន៍ដោយផ្ទាល់ ក្រុមការងារ បានពង្រឹងទំនាក់ទំនងរវាងគ្នា កាន់តែស្និតស្នាល ដោយសារតែក្រុមហ៊ុន ជីប ម៉ុង ធំ ចឹងក្រុមការងារកម្រមានពេលជួបគ្នា ដូចនេះកម្មវិធីនេះបានអនុញ្ញាត ឱ្យក្រុមការងារបានស្វែងយល់ពីគ្នា និងសហគមន៍បានកាន់តែច្រើន។
លោកងែត រ៉ាយ៉ា បានបន្ថែមថា «ក្រៅពីដាំកូនគ្រញូងចំនួន ៣,២០០ពាន់ដើម បុគ្គលិកយើងទាំងអស់ បានស្ម័គ្រចិត្តរៃថវិកាបានបន្តិចបន្តួច ប្រមូលគ្នាទិញសម្ភារសិក្សា ដើម្បីចែកដល់ប្អូនៗសិស្សានុសិស្សចំនួនជិត៣០០នាក់ នៅក្នុងសាលាបឋមសិក្សាស្រែកិន ក្នុងសហគមន៍សាមគ្គីផងដែរ»។
គិតមកត្រឹមពាក់កណ្តាលឆ្នា២០១៩នេះ ក្រុមហ៊ុន ជីប ម៉ុង បានដឹកនាំបុគ្គលិកចំនួនប្រមាណ១៣០នាក់ ទៅចូលរួមដាំដើមឈើនៅសហគមន៍ចំនួនពីរ ដោយបានដាំដើមគ្រញូងចំនួន៣,២០០ដើម ដាំដើមកោងកាងចំនួន៣,០០០ដើម បណ្តុះកូនកោងកាងចំនួន៥០០ដើម និងបានចែករម្លែកទឹកផ្លែឈើជូប នំហាណាមិ ព្រមទាំងសម្ភារសិក្សា និងសម្ភារកីឡា ទៅកាន់សិស្សនៅសាលាសហគមន៍ចំនួនជិត៦០០នាក់។
ជារៀងរាល់ឆ្នាំក្រុមហ៊ុន ជីប ម៉ុង តែងរៀបចំកម្មវិធីដាំដើមឈើបួនដង នៅតាមសហគមន៍ផ្សេងៗ ដោយកាលពីដើមខែមេសាឆ្នាំ២០១៩កន្លងទៅនេះ ក្រុមហ៊ុន ជីប ម៉ុង បានរៀបចំកម្មវិធី ដាំកូនកោងកាងបណ្តុះកូនកោងកាងនៅ សហគមន៍ទេសចរណ៍ធម្មជាតិត្រពាំងសង្កែរ ខេត្តកំពត៕