(ក្រចេះ)៖ ស្ពានបេតុងមួយកន្លែង ស្ថិតនៅភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ននេះ កំពុងតែសាងសង់បានជាង ៧០ភាគរយ ហើយគ្រោងបញ្ចប់ជាស្ថាពរ នៅចុងឆ្នាំ២០១៩ ខាងមុខនេះ។
នេះបើតាមការឲ្យដឹងពីលោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែរលោកបានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការរដ្ឋានសាងសងស្ពានបេតុង ស្ពានតាលា ដែលស្ថិតនៅក្នុងស្រុកសំបូរ ក្នុងភូមិសាស្ត្រស្រុកសំបូរ ស្ថិតនៅតាមដងទន្លេមេគង្គ ខេត្តក្រចេះ។
លោក ស្រេង ស្រស់ បានបញ្ជាក់ថា «ស្ពាននេះពីដើមឡើយគឺជាស្ពានប្រភេទកាឡេក្រោយឈើ ដែលមានប្រវែង ១៨ម៉ែត្រ ទទឹង ៩ម៉ែត្រ ចង្អៀតពិបាក ធ្វើចរាចរដោយសភាពស្ពានពុក ហើយតំបន់នេះ គឺស្ថានភាពទឹកទន្លេមេគង្គ បានឡើងលិចស្ទើរតែរាល់ឆ្នាំនារដូវវស្សា។ ជាក់ស្ដែង នៅក្នុងឆ្នាំ២០១៨ កន្លងទៅនេះ ទឹកជំនន់ទន្លេមេគង្គ ក៏បានជន់លិចតំបន់នេះរួមនឹងផ្លូវថ្នល់ ហើយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះមកដល់ទីនេះ ផ្ទាល់ហើយក៏ពិនិត្យឃើញថា កំណាត់ផ្លូវនេះ គឺមានសារសំខាន់ខ្លាំងណាស់ ដើម្បីភ្ជាប់តំបន់ និងតំបន់រដ្ឋបាលខេត្ត និងតំបន់សេដ្ឋកិច្ច ពីព្រោះខាងលើមានព្រះវិហារសសរ១០០ ដែលជាតំបន់រមណីយដ្ឋានវប្បធម៌មួយ ដែលបម្រើឱ្យវិស័យសេដ្ឋកិច្ច»។
លោកបានបន្ថែមទៀតថា គម្រោងនេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាសេនាធិការផ្ទាល់ របស់រាជរដ្ឋាភិបាលលើវិស័យហេដ្ឋារចនាសម្ព័ន្ធ សម្ដេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់លើវិស័យនេះ ព្រោះថា វិស័យហេដ្ឋារចនាសម្ព័ន្ធជាវិស័យវិស័យអតិភាព ហើយរហូតដល់ថ្ងៃនេះ គម្រោងមួយនេះគេបានសម្រេចចិត្តផលិតផល ប្រមាណជា ៦០% និងផ្លូវ គឺសរុបប្រវែង ១៤០,០២០ម៉ែត្រខាងស្ពាន។
គម្រោងនេះ ក្នុងជំហានទី ១គឺពង្រីកទួលផ្លូវ លើកកម្ពស់ដីក្រហមកំរាស់២តឹក សិនហើយលើកទី២ បានយើងចាក់កៅស៊ូប្រភេទ AC ទៅលើ។ ដូច្នេះមានផលលំបាកយ៉ាងខ្លាំងនៅក្នុងរដូវវស្សា ប្រជាពលរដ្ឋនៅតំបន់នោះ គឺមានការប្រើប្រាស់ទូក សម្រាប់ការចម្លងក្នុងដំណើរ ទៅមកមានផលលំបាក និងយឺតយ៉ាវនៅក្នុងការយកផលិតផលរបស់ពួកគាត់ ឬក៏ក្មេងសិស្សានុសិស្សទៅសាលារៀន និងចាស់ៗ ដែលធ្វើដំណើរត្រូវទៅវត្តជាដើម។
ក្នុងនាមប្រធានមន្ទីរសាធារណការដឹកជញ្ជូនខេត្តក្រចេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបន្ទាប់ពីការសាងសង់ផ្លូវ និងស្ពានរួចមេត្តាជួយថែទាំ កុំចាក់ដីលុបប្រឡាយសងខាងផ្លូវ មេត្តាកុំដឹកផ្ទុកលើស ទម្ងន់កម្រិតកំណត់ ដែលចេះហេតុធ្វើឱ្យផ្លូវឆាប់ខូចមានអាយុការប្រើប្រាស់បានខ្លី និងមេត្តាគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ចៀសវាងបង្កគ្រោះថ្នាក់ចរាចរជាយថាហេតុ បណ្ដាលឱ្យខាតបង់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ សុំមេត្តាកុំចោលសំរាមនៅតាមដងផ្លូវសាធារណៈចៀសវាងខូចបរិស្ថាន។
សម្រាប់ការដូថ្មីដែលនឹងលេចចេញជារូបរាងឆាប់ៗនេះ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ បានសំដែងការរីករាយ បន្ទាប់ពីទទួលបានចំណងដៃស្ពានថ្មីនេះ ហើយពួកគាត់បានលើកឡើងស្របៗគ្នាថា ដោយកន្លងទៅមានការលំបាក នៅពេលដែលរដូវវស្សាមកដល់ គឺទឹកឡើងលិចផ្លូវ និងស្ពាន បណ្ដាលឱ្យអ្នកភូមិ នៅតំបន់នោះមានការលំបាកនៅក្នុងការ ធ្វើដំណើរទៅមកម្ដងៗ ដូចជាត្រូវការប្រញាប់បញ្ជូនស្ត្រី មានផ្ទៃពោះ ឬអ្នកជំងឺផ្សេងៗ ទៅកាន់មន្ទីរពេទ្យ គឺមានផលលំបាក និងយឺតយ៉ាវ។
ដូច្នេះ ហើយពួកគាត់ក៏បានសម្តែងការត្រេកអរ ដែលបច្ចុប្បន្នទទួលបានស្ពាន និងផ្លូវដែលកំពុងតែធ្វើការពង្រីកជួសជុលថ្មី ដែលបានបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន នេះឆ្លងផុតពីការលំបាកគ្រប់បែបយ៉ាង៕