(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងសុខាភិបាល សូមស្វាគមន៍ចំពោះដៃគូសុខាភិបាលទាំងអស់ ដែលបានសហការជាមួយអង្គភាពនានារបស់ក្រសួង និងសហការក្នុងការអនុវត្តការងារ ដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ សម្រាប់ជាផលប្រយោជន៍នៃប្រជាជនកម្ពុជា ។
ការថ្លែងបែបនេះ របស់លោកសាស្ដ្រាចារ្យ បានធ្វើឡើង ក្នុងឱកាសដែលលោកអញ្ជើញបើក វេទិការសម្របសម្រួល រវាងក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍ នៅសណ្ឋាគារ ភ្នំពេញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ដែលមានការអញ្ជើញចូលរួម របស់លោកស្រីវេជ្ជ. Nargiza Khodjaeva តំណាងស្តីទី នៃអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា, ប្រធាន អនុប្រធានមន្ទីរសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសសុខាភិបាល រាជធានី-ខេត្ត និងមន្ត្រីបង្គោលទទួលបន្ទុក ក្រុមការងារបច្ចេកទេសសុខាភិបាល រាជធានី-ខេត្ត ដែលបានសហការរៀបចំឡើងដោយ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសុខាភិបាល និងអង្គការ HACC ដោយទទួលបានការឧបត្ថម្ភថវិកាពី USAID បានរៀបចំឲ្យមានវេទិកាសម្របសម្រួលនេះឡើង។
លោកសាស្ដ្រាចារ្យ អេង ហួត បានថ្លែងបន្ដថា «លោកអ្នកដឹងហើយថា សមិទ្ធផលជាច្រើនដែល ក្រសួងសុខាភិបាលសម្រេចបានកន្លងមក សមិទ្ធិផលទាំងនេះ បានកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតរបស់ សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមិនអាចកាត់ផ្តាច់បាននូវការចូលរួមពីដៃគូអភិវឌ្ឍន៍ទាំងអស់ផងដែរ» ។
ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល ក៏បានទទួលស្គាល់អំពីសារៈសំខាន់ នៃការរួមចំណែករបស់អង្គការ មិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងកិច្ចអភិវឌ្ឍន៍ជាតិ ជាពិសេសក្នុងការផ្តល់ធាតុចូល សម្រាប់រៀបចំគោលនយោបាយ និងកម្មវិធីជាតិ និងចូលរួមការអនុវត្ត តាមរយៈការកៀរគរធនធាន សម្រាប់គាំទ្រដល់ការផ្តល់សេវាសាធារណៈ ក៏ដូចជាបានផ្តល់ធាតុចូល សម្រាប់វាយតម្លៃវឌ្ឍនភាព និងការអនុវត្តគម្រោងកម្មវិធីនានា ។វេទិការនេះ គឺជាកិច្ចពិគ្រោះយោបល់ ដោយផ្អែកតាមគោលការណ៍ភាពជាដៃគូ និងស័ក្តិសិទ្ធិភាពក្នុងការអភិវឌ្ឍន៍ ដែលមានចែងក្នុងយុទ្ធសាស្រ្ត ស្តីពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់រាជរដ្ឋាភិបាល ។
លោកបញ្ជាក់បន្ថែមថា «ឈរលើមូលដ្ឋាននេះ ក្រសួងសុខាភិបាល បានរៀបចំ វេទិការសម្របសម្រួល រវាងក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍ចាប់តាំងពីឆ្នាំ ២០០៩មក។ វេទិកានេះ គឺពិតជាឱកាសមួយដ៏ល្អ ដើម្បីឲ្យមន្ទីរសុខាភិបាល និងអង្គការដៃគូទាំងអស់ បានជួបពិភាក្សាពិគ្រោះយោបល់គ្នា ស្វែងយល់ពីការលំបាករបស់គ្នាទៅវិញ ទៅមកក៏ដូចជាដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នា ក្នុងទិសដៅធ្វើយ៉ាងណាពង្រឹង និងពង្រីកកិច្ចសហការ រវាងមន្ទីរសុខាភិបាល និងអង្គការដៃគូទាំងអស់ដែលធ្វើការក្នុងវិស័យសុខាភិបាលឲ្យកាន់តែជិតស្និទ ប្រកបដោយ ប្រសិទ្ធភាព តាមរយៈការបង្កើននូវការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា ក្នុងនាមជាដៃគូដែលមិនអាចកាត់ផ្ដាច់បាន ក្នុងគោលបំណងរួមគ្នាតែមួយនោះគឺលើកស្ទួយវិស័យសុខាភិបាល និងលើកកម្ពស់សុខមាលភាពរបស់ប្រជាជនកម្ពុជាទាំងមូល»។
ជាងនេះទៅទៀត លោកសាស្ដ្រាចារ្យ បានថ្លែងបន្ដថា ក្រសួងសុខាភិបាល បានរៀបចំផែនការយុទ្ធសាស្ត្រសុខាភិបាល ២០១៦-២០២០ ដែលមានអាទិភាពជាយុទ្ធសាស្ត្រគឺ៖
១៖រក្សានិរន្តរភាព និងលើកកម្ពស់លទ្ធភាព ទទួលបានសេវាថែទាំសុខភាព និងការគ្របដណ្តប់នៃសេវា ដោយផ្តោតការយកចិត្តទុកដាក់ជាចំបងលើការកែលម្អគុណភាពសេវា ឱ្យកាន់តែប្រសើរឡើងក្នុងគ្រប់ភូមិសាស្ត្រ
២៖ បង្កើនការបង្ការហានិភ័យហិរញ្ញវត្ថុ ក្នុងការទទួលបានសេវាសុខភាព ដោយប្រជាពលរដ្ឋដែលមានស្ថានភាពសេដ្ឋកិច្ច និងសង្គមកិច្ចផ្សេងៗគ្នា តាមរយៈកម្មវិធីដូចជា ទី១៖ មូលនិធិសមធម៌សម្រាប់ប្រជាជនក្រីក្រ, ទី២៖បេឡា ជាតិរបបសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការ និវត្តិជន និងកម្មករនិយោជិត, ៣៖ការគាំទ្រសេវាសុខភាពសម្រាប់កម្មករក្រៅប្រព័ន្ធ, ៤៖ ថ្មីៗនេះរាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព ។
ជាមួយគ្នានោះ លោកបានសង្ឃឹមយ៉ាងមុតមាំថា អស់លោក លោកស្រី នឹងទទួលបាននូវព័ត៌មានទាំងនេះទៅអនុវត្ត ឱ្យកាន់តែមានប្រសិទ្ធិភាពល្អថែមទៀត ដែលជាកត្តាជួយជំរុញឱ្យមានការយកចិត្តទុកដាក់ និងផ្តល់នូវទំនុកចិត្ត ពីអ្នកផ្តល់ជំនួយក្នុងការផ្តល់ថវិកាបន្ថែមមកទៀត សម្រាប់ផលប្រយោជន៍ប្រជាជនកម្ពុជាយើង។ ជាមួយគ្នានេះដែរ ការរៀបចំ និងកែសម្រួលទម្រង់បែបបទនៃការចុះ អនុស្សរណៈនៃការយោគយល់គ្នា និងឯកសារយោងមួយចំនួន នឹងត្រូវបានលើកមកបង្ហាញជូនក្នុងវេទិការនេះ ដើមី្បជាមូលដ្ឋានផ្តល់ភាពងាយស្រួលក្នុងការរៀបចំកិច្ចព្រមព្រៀងរវាងដៃគូសុខាភិបាល ជាមួយក្រសួងសុខាភិបាល ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកបានលើកឡើងដែរថា «ខ្ញុំសូមណែនាំអស់លោក លោកស្រី អំពីអង្គការ HACC ដែលបានទទួលយកការងារសម្របសម្រួលរវាងដៃគូសុខាភិបាល ជាមួយក្រសួងសុខាភិបាលជំនួសអោយអង្គការ MEDiCAM ដែលបានបញ្ចប់អាណត្តិខ្លួន ។
ក្រសួងសុខាភិបាល សូមស្វាគមន៍ចំពោះដៃគូសុខាភិបាលទាំងអស់ ដែលបានសហការជាមួយអង្គភាពនានារបស់ក្រសួង និងសហការក្នុងការអនុវត្តការងារ ដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូសម្រាប់ជាផលប្រយោជន៍នៃប្រជាជនកម្ពុជា ។លើសពីនេះទៅទៀតនោះ ខ្ញុំសូមឱ្យលោក លោកស្រី យកឱកាសដ៍ប្រសើរនេះធ្វើការពិភាក្សា ស្វែងយល់ឲ្យបានផុលផុស ដើម្បីស្វែងរកភាពរីកចម្រើនក្នុងការអនុវត្ត ក៍ដូចជាសម្រាប់ផលប្រយោជន៍ជាតិទាំងមូលផងដែរ»។
ទន្ទឹមនឹងនោះ លោកក៏បានថ្លែងអំណរគុណដល់អង្គការជាតិ និងអន្តរជាតិព្រមទាំងស្ថាប័នផ្សេងៗទៀតទាំងអស់ ដែលបានជួយ និងកំពុងបន្តជួយដល់ការអភិវឌ្ឍវិស័យសុខាភិបាល ក្នុងការជួយកាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់ដោយសារជំងឺនានា ក៍ដូចជាការពង្រឹងប្រព័ន្ធសុខាភិបាល ហើយខ្ញុំក៏ពុំអាចភ្លេចផងដែរ នូវការខិតខំប្រឹងប្រែងរបស់បុគ្គលិកសុខាភិបាលទាំងអស់ នៅក្នុងបេសសកម្មដ៍សំខាន់នេះ ៕