(ព្រះសីហនុ)៖ ផ្តើមចេញពីករណីរលំបាក់សំណង់អគារខុសច្បាប់កម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈសន្និសីទសារព័ត៌មាន ក្រោយបិទបញ្ចប់ប្រតិបត្តិការរុករកជនរងគ្រោះ នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បានប្រកាសបោសសម្អាតមន្រ្តី ដែលឈរអន្តរាគមន៍ឱ្យការដ្ឋានសាងសង់ខុសច្បាប់ទាំងឡាយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំនឹងយកការទទួលខុសត្រូវមួយ ដើម្បីកម្ចាត់នូវអំពើបែបនេះ ដែលធ្វើមន្រ្តីមិនហ៊ានអនុវត្តទៅលើការដ្ឋានខុសច្បាប់ដោយខ្លាចមន្រ្តីផ្សេងទៀតអន្តរាគមន៍ បើសិនជាមានរឿងបែបនេះ ខ្ញុំនឹងបន្តចាត់ការដើម្បីបោសសម្អាតទាក់ទងជាមួយនឹងអំពើបែបនេះ ប៉ុន្តែយើងកុំឆ្វេង និងកុំស្តាំកុំរុញឱ្យខ្លោចកុំរោចឱ្យឆៅ ត្រូវធ្វើឱ្យច្បាស់ ព្រោះកន្លងទៅច្រើនតែមានការចោទប្រកាន់ដោយគ្មានភស្តុតាងតែប៉ុណ្ណោះ ប៉ុន្តែភស្តុតាងពិតប្រាកដមិនដែលរកបានទេ អ្នកទាំងអស់គ្នាត្រូវផ្តល់ភស្តុតាងឱ្យខ្ញុំ បើសិនជា២៤ម៉ោងខ្ញុំមិនដកមន្រ្តីហ្នឹងចោលទេ ខ្ញុំមិនសមរម្យធ្វើជានាយករដ្ឋមន្រ្តី របស់ប្រទេសកម្ពុជាទេ»។
ការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន Fresh News ដែលបានចុះទៅប្រមាញ់យកព័ត៌មាន ករណីរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ រយៈពេល២ថ្ងៃកន្លះមកនេះ។
នាពេលកន្លងទៅ សាធារណជនជាច្រើន បានលើកឡើងថា ផលលំបាករបស់អាជ្ញាធរ មន្រ្តីជំនាញតូចតាច ក្នុងការអនុវត្តច្បាប់ចំពោះសំណង់ខុសច្បាប់នៅខេត្តព្រះសីហនុ គឺដោយសារតែមានមន្រ្តីធំ នៅពីក្រោយនៃការវិនិយោគនោះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា៖ «មិនទាន់បញ្ចប់ទេនូវការស្រាវជ្រាវរកហេតុផលនានា មិនមែនតែខេត្តព្រះសីហនុទេ ខេត្តដទៃទៀត ហើយខ្ញុំចង់ឱ្យអ្នកទាំងឡាយដែលនៅពីក្រោយខ្នង នៃក្រុមហ៊ុនសាងសង់ដែលគ្មានច្បាប់ទម្លាក់ ឱ្យចេញមក ដើម្បីប្រឈមមុខច្បាប់»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ករណីបើកការដ្ឋានសាងសង់ខុសច្បាប់នេះ សម្តេចធ្លាប់បានបញ្ជាក់ច្រើនលើកច្រើនសារហើយ រាប់ទាំងការដ្ឋានមួយនៅអូរឈើទាល ដែលបិទខ្លួនឯងបន្ទាប់ពីមានការប្រកាសរបស់សម្តេច។
សម្តេចបានសន្យាថា ពាក់ព័ន្ធនឹងការសាងសង់ខុសច្បាប់នេះ «នៅពេលខាងមុខ ត្រូវតែពង្រឹងការអនុវត្តច្បាប់ គ្មានការលើកលែង»៕