(ភ្នំពេញ)៖ ប្រជាពលរដ្ឋចាស់ជរាមានជំងឺ និងជួបការខ្វះខាតមុខក្រោយក្នុងជីវភាពរស់នៅប្រមាណ ២៨គ្រួសារ ក្នុងសង្កាត់ស្វាយប៉ាក សង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះទី២ និងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រឹមព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ ពួកគាត់បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
ក្រៅពីការថ្លែងអំណរគុណប្រជាពលរដ្ឋក្រីក្រ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក ជួយប្រោះព្រំថែរក្សាផ្ដល់សិរីសួស្ដី ជ័យមង្គលវិបុលសុខ ដ៏ប្រសើរថ្លៃថ្លាជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
ការជូនពរ និងថ្លែងអំណរគុណខាលើនេះ បានធ្វើឡើងក្រោយពីពួកគាត់ជាប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះ កំពុងជួបការខ្វះខាតខ្លាំង បានទទួលគ្រឿង ឧបភោគបរិភោគ និងថវិកាសង្គ្រោះមួយចំនួន ដើម្បីដោះស្រាយក្នុងជីវភាពរស់នៅបានមួយគ្រា ក្នុងពិធីជួបសួរសុខទុក្ខ សំណេះសំណាលផ្ដាំផ្ញើពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឬស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា អនុប្រធានកិត្តិយស តំណាងលោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ។
សូមរំលឹកថា ក្រោយពីបរិច្ចាកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋចាស់ជរាមានជំងឺ រស់នៅសង្កាត់ស្វាយប៉ាក សង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះទី២ ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា ជាពិសី រួមដំណើរដោយចៅសង្កាត់ និងសហការី បានបន្តនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន មកចូលរួមចំណែកឧបត្ថម្ភ ជួយដោះស្រាយបញ្ហាក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះ មានជំងឺ ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ វិញម្ដងបើគិតត្រឹមព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ តាមអនុសាសន៍ដឹកនាំចង្អុលបង្ហាញចំគោលដៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ក្នុងនាមជាអនុប្រធានកិត្តិយសអនុសាខាខណ្ឌ លោកស្រី អាន ផល្លា ជា ពិសី បានលើកឡើងថា ចំពោះអំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកា ដែលក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំមកឧបត្ថម្ភជូននៅពេលនេះ គឺសម្រាប់ចែកជូនចំពោះ តែប្រជាពលរដ្ឋក្រីក្រប៉ុណ្ណោះ ដូចជាជនគ្មានទីពឹង ជនចាស់ជរា អ្នកកើតជំងឺរ៉ាំរៃ ឫមានផ្ទុកមេរោគជាដើម ពោលគឺជាជនងាយរងគ្រោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ដែលជាការដឹកនាំចង្អុលបង្ហាញចំគោលដៅពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕