(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ បានសារលិខិតចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារ និងញាតិមិត្តទាំងអស់ របស់បងប្អូនជាជនរងគ្រោះ នៅក្នុងសោកនាដកម្ម រលំបាក់អគារក្នុងខេត្តព្រះសីហនុ។
ក្នុងសារលិខិតចូលរួមរំលែកទុក្ខ, តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មានក្តីរន្ធត់ក្ដុកក្ដួល រំជួលចិត្តឥតឧបមា ចំពោះដំណឹងសោកនាដកម្ម រលំបាក់អគារកម្ពស់៧ជាន់ កាលពីព្រឹកព្រហាម ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ ដោយបានបង្កឲ្យមានការបាត់បង់អាយុជីវិត និងរងរបួសដល់បងប្អូនជនរួមជាតិ ជាកម្មករ-កម្មការិនី ដែលបម្រើការងារនៅការដ្ឋាន។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ បងប្អូនជនរងគ្រោះបាត់បង់ជីវិត បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងសូមជូនពរ ដល់បងប្អូនជាជនរ៉ងគ្រោះ ដែលកំពុងសម្រាកព្យាបាលរបួស សូមបានឆាប់ជាសះស្បើយ ដើម្បីវិលមកប្រកបការងារជាប្រក្រតីឡើងវិញ។
សូមជម្រាបថា ឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ជាស្ថាពរ នៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេល ២ថ្ងៃកន្លះ។
តុល្យការជនរងគ្រោះដែលក្រុមការងារ បានជួយសង្រ្គោះយកចេញពីគំនរអគារបាក់បែក មានចំនួនសរុបចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ (ស្រី០៤នាក់) និងរងរបួសចំនួន២៦នាក់ (ស្រី០២នាក់)៕
ខាងក្រោមនេះ សារលិខិតចូលរួមរំលែកទុក្ខ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលមានខ្លឹមសារទាំងស្រុង៖