(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមរាជធានី នាព្រឹកថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រី និងអាជ្ញាធរ ចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសព ដែលបានស្លាប់ដល់លំនៅឋានផ្ទាល់ និងចុះសួរសុខទុក្ខអ្នករងរបួស ដែលកំពុងសម្រាកនៅមន្ទីរពេទ្យ ក្រោយពីមានហេតុការណ៍អាក្រក់ បាក់រលំអាគារ៧ជាន់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ។
ផ្ទះសពឈ្មោះ វិជ្ជា បញ្ញា ស្នាក់នៅភូមិទ្រាសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ (ផ្លូវចូលទីលានចាក់សំរាមស្ទឹងមានជ័យចាស់) ត្រូវបានរៀបចំតាមប្រពៃណីខ្មែរ ហើយត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានី អញ្ជើញចុះទៅដល់គេហដ្ឋានផ្ទាល់ និងបានសម្តែងក្តីរន្ធត់ ជាមួយនឹងភាពសោកស្តាយ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសារនៃសពព្រមទាំងបានប្រគល់អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នូវថវិកា៥លានរៀល។ ដោយឡែក អំណោយសាខាកាកបាទក្រហមរាជធានីរួមមាន៖ ថវិកា២លានរៀល អង្ករចំនួន២០០គីឡូក្រាម, មី៥កេស, ទឹកក្រូច៥កេស, ត្រីខ៥យួរ, និងទឹកសុទ្ធ១០កេស។
បន្ទាប់ពីចុះសាកសួររំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសារនៃសព និងនាំយកអំណោយសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួចមក លោក ឃួង ស្រេង ក៏បានបន្តចុះសាកសួរសុខទុក្ខជនរងគ្រោះ ឈ្មោះ ក្រៀល អឿន ភេទស្រី អាយុ២៨ឆ្នាំ មានស្រុកកំណើត នៅក្រុងសួង ខេត្តត្បូងឃ្មុំ ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យព្រះសង្ឃ និងបានផ្តល់អំណោយសាខាកាកបាទក្រហមរាជធានីជូនផងដែរ ដោយក្នុងនោះ បានប្រគល់ជូននូវថវិកា២លានរៀល មី២កេស, ទឹកក្រូច២កេស, ត្រីខ២យួរ, និងទឹកសុទ្ធ២កេស។
ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាលរាជធានីបានសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ ជាអ្នកជំងឺដែលកំពុងសំរាកព្យាបាលនៅបន្ទប់ជាមួយគ្នា និងនៅសាលក្បែរៗនោះ ចំនួន៤៥នាក់ទៀត ដោយក្នុងម្នាក់ទទួលបានថវិកា១០ម៉ឺនរៀលផងដែរ។
សូមរំលឹកថា អគារដែលរលំបាក់នោះ ជាប្រភេទសណ្ឋាគារ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបាក់រលំនៅពីវេលាម៉ោងជិត៤ជិតភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដែលនេះជាមហន្តរាយលើកដំបូង សម្រាប់វិសយ័សំណង់នៅខេត្តព្រះសីហនុ ហើយបើតាមមន្ត្រីជំនាញនានាថ្លែងថា ការបាក់រលំនេះ កើតឡើងដោយសារបញ្ហាបច្ចេសសំណង់ ហើយសំណង់អាគារនេះ ត្រូវបានក្រសួងរៀបចំដែនដី ចុះហាមឃាត់ចំនួន២ដងរួចមកហើយ ប៉ុន្តែម្ចាស់ដែលជាជនជាតិចិន មិនព្រមស្តាប់ និងនៅតែបន្តសាងសង់ដោយចិត្តឯង។ សំណង់នោះ ត្រូវបានសាងសង់លើផ្ទៃដី៥៨៣ម៉ែត្រក្រឡា សាងសង់ដោយការប្រើឆ្អឹងដែក។
អគារកម្ពស់៧ជាន់ ដែលរលំបាក់នេះ ត្រូវបានបញ្ចប់ការរុករកជួយសង្គ្រោះជនរងគ្រោះជាស្ថាពរ នៅវេលាម៉ោង០៧៖៣០នាទី យប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះ ដោយមានការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕