(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ស្អែកនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាតុមូលមួយ ក្រោមប្រធានបទ «តើនឹងមានអ្វីកើតឡើងនៅពេលដែល លោក សម រង្ស៊ី វិលត្រឡប់ចូលកម្ពុជាវិញ»។ កិច្ចនឹងពិភាក្សានេះ នឹងធ្វើឡើងនៅអគារ F នៃរាជបណ្ឌិត្យសភាកម្ពុជា។
កិច្ចពិភាក្សាតុមូលរបស់រាជបណ្ឌិត្យសភាកម្ពុជា នឹងមានការអញ្ជើញចូលរួមធ្វើជាវាគ្មិនកិត្តិយសរួមមាន៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។
ប្រធានបទ «តើនឹងមានអ្វីកើតឡើងនៅពេលដែល លោក សម រង្ស៊ី វិលត្រឡប់ចូលកម្ពុជាវិញ» ដែលរៀបចំឡើងដោយ រាជបណ្ឌិត្យសភានេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានប្រកាសវិលត្រឡប់មកកម្ពុជាវិញ នៅក្នុងឆ្នាំ២០១៩នេះ ហើយអំពាវនាវឱ្យប្រជាពលរដ្ឋ ប្រឆាំងរាជរដ្ឋាភិបាល។
ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាបន្តបន្ទាប់ថា នឹងមិនលើកលែងឱ្យទណ្ឌិត សម រង្ស៉ីនោះទេ បើសិនជាមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសថា បើសិនជា លោក សម រង្ស៉ី មានវត្តមាននៅកម្ពុជា សមត្ថកិច្ចនឹងចាប់ទណ្ឌិតនេះ មកទទួលទោសផងដែរ៕