(ភ្នំពេញ)៖ ពិធីចូលកាន់តំណែងរបស់អភិបាលថ្មី នៃខេត្តព្រះវិហារ នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ហើយបន្តពីនោះ អភិបាលខេត្តកំពង់ចាមថ្មី នឹងចូលកាន់តំណែង នៅថ្ងៃទី២៨ ខែមិថុនា និងអភិបាលខេត្តព្រះសីហនុថ្មី នឹងចូលកាន់តំណែងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩។
លោក ប្រាក់ សុវណ្ណ អតីតអភិបាលរងខេត្តស្វាយរៀង ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលខេត្តព្រះវិហារ ជំនួសលោក អ៊ុន ចាន់ដា ដែលត្រូវបានផ្ទេរពីអភិបាលខេត្តព្រះវិហារ មកជាអភិបាលខេត្តកំពង់ចាម។ ដោយឡែក លោក គួច ចំរើន អតីតអភិបាលខេត្តកំពងចាម ដែលបានកសាងកេរ្តិ៍ល្បីល្បាញតាំងពីនៅជាអភិបាលខណ្ឌមានជ័យនោះ ត្រូវបានផ្ទេរទៅកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន ដែលលាលែងពីតំណែង ហើយត្រូវរាជរដ្ឋាភិបាលផ្ទេរមកបម្រើការងារនៅក្នុងក្រសួងមហាផ្ទៃ។
ការតែងតាំង និងផ្ទេរអភិបាលខេត្តទាំង៣ បានផ្តើមចេញអំពីករណីរលំបាក់អគារខុសច្បាប់កម្ពស់៧ជាន់មួយ នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីព្រឹកព្រលឹម ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ ឧបទ្ទវហេតុនេះ បានបណ្តាលឱ្យកម្មករ ២៨នាក់ស្លាប់ និង២៦នាក់ទៀតរងរបួស ខណៈដែល ក្រុមអ្នករុករកចម្រុះ បានប្រើប្រាស់រយៈពេល២ថ្ងៃកន្លះទើបបានសម្រេច។
ក្រោយពីសុំលាលែងពីតំណែងអភិបាលខេត្តព្រះសីហនុ ដើម្បីបង្ហាញអំពីការទទួលខុសត្រូវខ្ពស់ជាងគេ ក្នុងករណីរលំបាក់អគារគ្មានច្បាប់សាងសង់នេះ លោក យន្ត មីន បានបង្ហោះសារមួយសម្តែងនូវការសោកស្តាយ និងសុំអភ័យទោសចំពោះជនរងគ្រោះ និងសាធារណជន។
ក្នុងសាររបស់លោក យន្ត មីន ដែលបង្ហោះលើ Facebook នៅរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ គឺលោកសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋទាំងអស់ បើការដឹកនាំកន្លងមកមានការខុសឆ្គងដោយប្រការណា១នោះ។
ខេត្តព្រះសីហនុ បានចាប់ផ្តើមល្បីល្បាញ ជាមួយការអភិវឌ្ឍដ៏ខ្លាំងក្លា ចាប់តាំងពីជនជាតិចិនជាច្រើន មានវត្តមាន និងវិនិយោគដ៏សម្បើមនៅក្នុងខេត្តនេះ។ ទោះជាយ៉ាងនេះក្តី ខេត្តព្រះសីហនុ ក៏រងការរិះគន់អំពីភាពអនាធិបតេយ្យរបស់ជនជាតិចិនមួយចំនួនផងដែរ។
ក្នុងសន្និសីទសារព័ត៌មាន ក្រោយបិទបញ្ចប់ប្រតិបត្តិការរុករកជនរងគ្រោះ ដោយករណីរលំបាក់អគារខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ លោក គួច ចំរើន ថាជាមនុស្សមានសមត្ថភាពខ្ពស់ និងបទពិសោធន៍ច្រើន ក្នុងការគ្រប់គ្រងទាំងកាលពេលនៅរាជធានីភ្នំពេញ និងខេត្តកំពង់ចាម ដែលអាចទៅគ្រប់គ្រងខេត្តព្រះសីហនុបាន។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖ «បើសិនជាមនុស្សមិនខ្លាំងទេ ចាំបាច់ដក យន្ត មីន ទៅធ្វើអី ទុក យន្ត មីន នៅហ្នឹងហើយ។ យើងចង់យក គួច ចំរើន ដោយសារ គួច ចំរើន មានបទពិសោធន៍ ក្នុងការដឹកនាំនៅក្នុងទីក្រុងភ្នំពេញ។ ដូច្នេះបទពិសោធន៍នោះ គួបផ្សំនឹងការគ្រប់គ្រងខេត្ត ដែលមានទាំងតំបន់ជនបទ និងទីក្រុង គួច ចំរើន មានលទ្ធភាពអាចអភិវឌ្ឍខេត្តព្រះសីហនុបានល្អ»៕