(ភ្នំពេញ)៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១ សំរាប់អាណត្តិទី៣ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីសមាជិកសមាជិកា ក្រុមប្រឹក្សារាជធានីភ្នំពេញ ទាំង២៧រូប ក្រោមវត្តមានលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោក ប៉ា សុជាតិវង្ស បានលើកឡើងថា កិច្ចប្រជុំលើកទី១នេះ ជាការបង្ហាញរបៀបវារៈដែលក្រុមប្រឹក្សាត្រូវអនុម័តនៅកិច្ចប្រជុំលើកក្រោយ។ ដោយឡែកកិច្ចប្រជុំពេលនេះមិនមានការអនុម័ត ជាគោលការណ៍ណាមួយឡើយ។
លោកប្រធានក្រុមប្រឹក្សា បានលើកឡើងនូវរបៀបវារៈចំនួន៣ ដែលបានជូនក្រុមប្រឹក្សាជ្រាប និងពិនិត្យមុនធ្វើការអនុម័តនៅកិច្ចប្រជុំលើកក្រោយ ក្នុងនោះមាន៖
*ការផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃលេខ ០១៥ ស.ណ.ន ស្ដីពី ការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា
*ការផ្តួចផ្តើមសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ សំរាប់រយៈពេល១២ខែ (២០១៩.២០២០) ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២ *របាយការណ៍លទ្ធផល នៃការអនុវត្តការងាររបស់គណៈអភិបាលរាជធានីភ្នំពេញ ក្នុងអាណត្តិទី២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ និងការងារសេសសល់
*ទិសដៅការងាររយៈពេល៣ខែ ដែលបានអនុម័តដោយក្រុមប្រឹក្សាអាណត្តិទី២ និងត្រូវអនុវត្តបន្ត។
នាឱកាសនោះដែរ លោក ឃួង ស្រេង បានលើកឡើងពីស្នាដៃការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងអាណត្តិទី២ របស់ក្រុមក្រុមប្រឹក្សាលើការអភិវឌ្ឍន៍ ការកសាងហេដ្ឋារចនាសម្ពន្ធ័ទីក្រុង, ការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងការងារទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីធ្វើឲ្យភូមិ-សង្កាត់ មានសុវត្ថិភាពជាមួយ និងការដាក់ទិសដៅការងាររយៈពេល៣ខែបន្ត ក្នុងអាណត្តិទី៣ផងដែរ៕